លោក ត្រាំ៖ សហរដ្ឋអាមេរិកនឹងគ្រប់គ្រងគុយបា ក្នុងពេលឆាប់ៗ (Video inside)
02-05-2026 14:13
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាសហរដ្ឋអាមេរិកនឹងគ្រប់គ្រងគុយបា ក្នុងពេលឆាប់ៗនេះ ជាមួយការបង្ហើបថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិកមួយគ្រឿងអាចនឹងត្រូវបានដាក់ពង្រាយដើម្បីបង្ខំឱ្យគុយបាចុះចាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Anadolu។
ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងនៅឯព្រឹត្តិការណ៍មួយក្នុងរដ្ឋ Florida។ តាមលោក ត្រាំ សហរដ្ឋអាមេរិកនឹងដោះស្រាយជាមួយគុយបា បន្ទាប់ពីបញ្ចប់សង្រ្គាមជាមួយអ៉ីរ៉ង់ ហើយថានាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Abraham Lincoln អាចត្រូវបានដាក់ពង្រាយទៅក្បែរដែនទឹក គុយបា។ លោក ត្រាំ ថែមទាំងបានអះអាងទៀតផងថាគ្រាន់តែបង្ហាញសាច់ដុំយោធារបស់សហរដ្ឋអាមេរិក ក៏អាចនឹងធ្វើឱ្យគុយបាសុំចុះចាញ់។
គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយផងដែរដើម្បីដាក់ទណ្ឌកម្មបន្ថែមលើបុគ្គល និងអង្គភាពទាំងឡាយ ដែលមានទំនាក់ទំនងជាមួយគុយបា។ គុយបាវិញបានថ្កោលទោសទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយថានឹងមិនចុះញ៉មនឹងការសម្លុតគំរាមនោះទេ៕




