ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងដំឡេីងពន្ធលេីរថយន្តសហភាពអឺរ៉ុប នៅសប្តាហ៍ក្រោយ (Video inside)
02-05-2026 18:57
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដំឡើងពន្ធលើរថយន្តធុនតូច និងរថយន្តដឹកទំនិញនាំចូលពីសហភាពអឺរ៉ុប (EU) ដែលពីមុនមានត្រឹម ១៥ភាគរយឱ្យដល់ ២៥ភាគរយ បេីប្លុកនេះមិនអនុវត្តឱ្យបានតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោន។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦។
លោក ត្រាំ បានសរសេរលេីបណ្តាញសង្គមដូច្នេះថា «ផ្អែកលើការពិត ដែល EU មិនគោរពតាមការព្រមព្រៀងទាំងស្រុងនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ នៅសប្តាហ៍ក្រោយ ខ្ញុំនឹងគិតពន្ធ បន្ថែមពី EU សម្រាប់រថយន្តធុនតូច និងរថយន្តដឹកទំនិញដែលនាំចូលមកអាមេរិក»។ លោក ត្រាំ សរសេរទៀតថា «គេត្រូវយល់ថា ប្រសិនបើពួកគេផលិតរថយន្តនៅក្នុងរោងចក្ររបស់សហរដ្ឋអាមេរិក នោះវានឹងមិនមានពន្ធឡើយ»។
គណៈកម្មការអឺរ៉ុប បានច្រានចោលភ្លាមៗនូវការអះអាងរបស់លោក ត្រាំ ដែលថាទីក្រុងព្រុចសែល មិនគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសម្រេចបានកាលពីរដូវក្តៅមុន ហើយថានឹងរក្សាជម្រើសការពារផលប្រយោជន៍ EU ប្រសិនបើទីក្រុងវ៉ាស៉ីនតោនបំពានលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។
បេីតាមលោក ត្រាំ ធ្លាប់ប្រាប់អ្នកសារព័ត៌មាន ពន្ធខ្ពស់នឹងបង្ខំឱ្យក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប ផ្លាស់ទីផលិតកម្មមកសហរដ្ឋអាមេរិកកាន់តែលឿន៕




