លោក ហ្សេលេនស្គី ពិភាក្សាជាមួយនាយករដ្ឋមន្រ្តីស្លូវ៉ាគី អំពីការសុំចូលជាសមាជិក EU របស់អ៊ុយក្រែន (Video inside)
02-05-2026 23:13
(កៀវ)៖ លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថា លោកបានពិភាក្សាអំពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ជាមួយនាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ក្នុងការសន្ទនាមួយ នាថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ស្លូវ៉ាគី បានក្លាយជាសមាជិកសហភាពអឺរ៉ុប នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៤។
តាមបណ្តាញសង្គម X លោក ហ្សេលេនស្គី គូសបញ្ជាក់ថា «យើងត្រូវការទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ។ វាពិតជាសំខាន់ដែលស្លូវ៉ាគី គាំទ្រសមាជិកភាពរបស់អ៊ុយក្រែនក្នុង សហភាពអឺរ៉ុប ហើយត្រៀមខ្លួនដើម្បីចែករំលែកបទពិសោធន៍នៃការចូលជាសមាជិក»។ លោក ហ្សេលេនស្គី បន្ថែមថាលទ្ធភាពនៃជំនួបនាពេលខាងមុខរវាងមេដឹកនាំទាំងពីរ ក៏ត្រូវបានលេីកយកមកពិភាក្សាផងដែរ។
គួរបញ្ជាក់ថា ក្រោយរុស្ស៉ីបេីកការឈ្លានពាន អ៊ុយក្រែនបានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបជាផ្លូវការ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ ក្រុមប្រឹក្សាអឺរ៉ុបបានផ្តល់ឋានៈជាបេក្ខជននៅក្នុងខែមិថុនា ឆ្នាំ២០២២ និងបានបើកការចរចាចូលជាសមាជិកជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២៤។ អ៊ុយក្រែនកំពុងជំរុញឱ្យបានចូលជាសមាជិកនាឆ្នាំ២០២៧ខាងមុខ ៕




