ដ្រូនអ៊ុយក្រែនវាយប្រហារលើកំពង់ផែ Primorsk របស់រុស្ស៊ី បំផ្លាញនាវាដឹកប្រេង និងនាវាចម្បាំងជាច្រើនគ្រឿង

03-05-2026 20:57

(កៀវ)៖ កងកម្លាំងអ៊ុយក្រែនបានបើកយុទ្ធនាការវាយប្រហារដោយយន្តហោះដ្រូនទ្រង់ទ្រាយធំទៅលើគោលដៅនានានៅទូទាំងប្រទេសរុស្ស៊ី នាថ្ងៃអាទិត្យ ដោយក្នុងនោះបានវាយប្រហារចំកំពង់ផែ Primorsk ក្នុងសមុទ្របាល់ទិក បង្កឱ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅ និងបានបំផ្លាញនាវាជាច្រើនគ្រឿង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់ថា ការវាយប្រហារនេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស្ថានីយប្រេងក្នុងកំពង់ផែ ព្រមទាំងបានបាញ់កម្ទេចនាវាដឹកប្រេងមួយគ្រឿង នាវាបាញ់មីស៊ីលប្រភេទ Karakurt មួយគ្រឿង និងនាវាល្បាតមួយគ្រឿងទៀតផងដែរ។ លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់ថា លទ្ធផលទាំងនេះនឹងជួយកាត់បន្ថយសក្ដានុពលសង្គ្រាមរបស់រុស្ស៊ីឱ្យកាន់តែចុះខ្សោយ។

ដោយឡែក អាជ្ញាធរតំបន់របស់រុស្ស៊ីបានអះអាងថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួនជាង ៦០គ្រឿង កាលពីយប់មិញ។ លោក អាឡិចសាន់ឌឺ ដ្រូដិនកូ (Alexander Drozdenko) អភិបាលតំបន់នោះ បានបញ្ជាក់ថា អគ្គិភ័យនៅកំពង់ផែ Primorsk ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏ធំ ត្រូវបានពន្លត់យ៉ាងឆាប់រហ័ស ហើយមិនមានការធ្លាយប្រេងចូលទៅក្នុងសមុទ្រនោះទេ ក្រោយការវាយប្រហារខាងលើ៕​