មន្រ្តីទូតកំពូលរបស់លោក ត្រាំ នឹងទៅកាន់អ៉ីតាលី ដើម្បីជួបសម្តេចប៉ាប Leo (Video inside)

04-05-2026 11:47

(វ៉ាទីកង់)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសអ៉ីតាលី ក្នុងសប្តាហ៍នេះ ដើម្បីជួបសម្តេចប៉ាប Leo ដោយបើតាមបុរីវ៉ាទីកង់ គម្រោងនេះបានកើតមានឡើង ខណៈដែលការវាយប្រហារពាក្យសម្តីរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះប្រមុខសង្ឃកាតូលិកបាននាំឱ្យមានការរិះគន់ក្នុងជួរនយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦។

តាមប្រភពដែលដឹងអំពីផែនការរបស់សម្តេចប៉ាប និងសុំមិនបញ្ចេញឈ្មោះ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ នេះគឺជំនួបដំបូងរវាងសម្តេចប៉ាប ជាមួយមន្ត្រីនៃគណៈរដ្ឋមន្ត្រីអាមេរិក ក្នុងរយៈពេលជិតមួយឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃព្រហស្បតិ៍។

សម្តេចប៉ាប ដែលថ្មីៗនេះបានសម្តែងការរិះគន់ជុំវិញសង្រ្គាមអាមេរិក-អ៉ីស្រាអែល កន្លងមកក៏ធ្លាប់ រិះគន់គោលនយោបាយអន្តោប្រវេសន៍ដ៏តឹងរឹងនៃរដ្ឋបាលលោក ត្រាំ ផងដែរ។ នៅក្នុងខែមេសា លោក ត្រាំ បានរិះគន់សម្តេចប៉ាប Leo តាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើនដង ហើយមានម្តងលោក ត្រាំ បានហៅសម្តេចប៉ាប Leo ថាជាបុព្វជិតដ៏គួរខ្លាច។ ការរិះគន់នោះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលកាលណោះសម្តេចប៉ាប កំពុងធ្វើដំណើរទៅកាន់ប្រទេសចំនួន ៤ក្នុងទ្វីបអាហ្វ្រិក។

កាសែតក្នុងស្រុកចំនួនពីររបស់អ៉ីតាលី បានរាយការណ៍កាលពីថ្ងៃអាទិត្យថា លោក Rubio នឹងមកអ៉ីតាលី ក្នុងសប្តាហ៍នេះសម្រាប់កិច្ចប្រជុំ រួមទាំងការជួបមន្ត្រីទូតឈានមុខរបស់បុរីវ៉ាទីកង់ Pietro Parolin ប៉ុន្តែមិនបានលើកឡើងអំពីជំនួបជាមួយសម្តេចប៉ាបទេ៕