បន្ទាប់ពី OPEC អេមីរ៉ាតអារ៉ាប់រួម សម្រេចចាកចេញពីអង្គការប្រទេសអារ៉ាប់នាំចេញប្រេង OAPEC (Video inside)

04-05-2026 14:21

(អាប៊ុយដាប៊ី)៖ ក្រោយប្រកាសចាកចេញពីអង្គការនៃប្រទេសនាំចេញប្រេង OPEC អេមីរ៉ាតអារ៉ាប់រួម (UAE) ក៏បានដកខ្លួន​ចេញពីអង្គការនៃក្រុមប្រទេសអារ៉ាប់ដែលនាំចេញប្រេង OAPEC ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦។

ដំណឹងខាងលើត្រូវបានបង្ហាញក្នុងសេចក្តីថ្លែងការណ៍របស់អង្គការ OAPEC ផ្ទាល់ ហើយវាកើតមានឡើង បន្ទាប់ពីសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលកាលពី​ថ្ងៃទី២៨ ខែមេសាកន្លងទៅនេះ របស់ UAE ស្តីពីការសម្រេចចិត្តចាកចេញពីអង្គការ OPEC និង OPEC+ ដើម្បីផ្តោតអាទិភាពទៅលើ​ការបង្កើនទិន្នផលប្រេងរបស់ខ្លួនឯងផ្ទាល់។

អង្គការ OAPEC ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៦៨ ក្នុងគោលដៅជំរុញកិច្ចសហប្រតិបត្តិការ រវាងក្រុមប្រទេសអារ៉ាប់ដែលនាំចេញប្រេង ប៉ុន្តែផ្ទុយពី OPEC សម្ព័ន្ធភាពនេះ មិនកំណត់គោលនយោបាយនៃការផលិតប្រេង សម្រាប់សមាជិកខ្លួនទេ។ UAE ជាប់ចំណាត់ថ្នាក់ជាអ្នកផលិតប្រេងធំលំដាប់ទី៤ នៅក្នុង OPEC។

គួរបញ្ជាក់ថា ការចាកចេញរបស់ UAE នឹងធ្វើឱ្យចុះខ្សោយការគ្រប់គ្រងរបស់ OPEC លើប្រេងផ្គត់ផ្គង់របស់ពិភពលោក ហើយ​ពង្រីកភាពរកាំរកូសរវាង UAE និងអារ៉ាប៊ីសាអូឌីត ដែលជាមេដឹកនាំរបស់ OPEC និងជាអ្នកផលិតប្រេងធំជាងគេបង្អស់។ វាក៏នឹង​ផ្តល់សេរីភាពឱ្យ UAE បង្កើនទិន្នផលប្រេងរបស់ខ្លួនផងដែរ នៅពេលការនាំចេញតាមតំបន់ឈូងសមុទ្រអារ៉ាប់ បន្តឡើងវិញ ដ្បិត UAE នឹងលែងស្ថិតក្រោមការកំណត់ដោយកូតារបស់ OPEC ទៀតហើយ៕