ឥណ្ឌូណេស៊ី និងជប៉ុន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (Video inside)

04-05-2026 19:45

(ហ្សាកាតា)៖ នាថ្ងៃចន្ទនេះ ប្រទេសឥណ្ឌូណេស៊ី និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ដើម្បីជំរុញកិច្ចសហការលើវិស័យឧស្សាហកម្មការពារជាតិ ការអភិវឌ្ឍធនធានមនុស្ស និងវិធានការកាត់បន្ថយគ្រោះមហន្តរាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី លោក សាហ្វ្រី សាំស៊ូឌីន (Sjafrie Sjamsoeddin) និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី (Shinjiro Koizumi) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ នៅក្នុងទីក្រុងហ្សាកាតា (Jakarta)។ លោក កូអ៊ីហ្ស៊ូមី បានចាត់ទុកកិច្ចព្រមព្រៀងនេះថាជា «ត្រីវិស័យ» និងជា «របកគំហើញដ៏សំខាន់» ដែលនឹងបង្ហាញផ្លូវសម្រាប់សហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

ក្រៅពីពិធីចុះហត្ថលេខា មេដឹកនាំការពារជាតិទាំងពីរក៏បានជួបពិភាក្សាគ្នាអំពីសន្តិសុខដែនសមុទ្រ សមយុទ្ធយោធារួមគ្នា ក៏ដូចជាបច្ចេកវិទ្យា និងគ្រឿងយុទ្ធោបករណ៍ការពារជាតិផងដែរ។ លោក កូអ៊ីហ្ស៊ូមី បានសង្កត់ធ្ងន់ថា ក្នុងស្ថានភាពអន្តរជាតិដែលកាន់តែមានភាពស្មុគស្មាញ និងតានតឹង ដូចជាវិបត្តិនៅប្រទេសអ៊ីរ៉ង់ជាដើម ការពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិរវាងជប៉ុន និងឥណ្ឌូណេស៊ី នឹងរួមចំណែកយ៉ាងសំខាន់ដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់តំបន់ទាំងមូលផងដែរ។

គួរបញ្ជាក់ថា ការពង្រីកសហប្រតិបត្តិការការពារជាតិរបស់ជប៉ុននៅពេលនេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលទីក្រុងតូក្យូ បានសម្រេចលុបចោលបម្រាមលើការលក់អាវុធទៅក្រៅប្រទេសកាលពីខែមុន ក្នុងគោលបំណងពង្រឹងឧស្សាហកម្មការពារជាតិក្នុងស្រុករបស់ខ្លួន៕​