អ៊ីរ៉ង់អះអាងថាបានបង្ខំនាវាចម្បាំងអាមេរិកឱ្យដកថយ ខណៈវ៉ាស៊ីនតោនបដិសេធព័ត៌មានពីការរងការវាយប្រហារដោយមីស៊ីល (Video inside)
04-05-2026 20:31
(ផ្លរីដា)៖ កងទ័ពជើងទឹកអ៊ីរ៉ង់បានអះអាងនាថ្ងៃចន្ទនេះថា ខ្លួនបានបង្ខំនាវាចម្បាំងសហរដ្ឋអាមេរិកឱ្យផ្អាកការចូលទៅកាន់ច្រកសមុទ្រហ័រមូស ខណៈមន្ត្រីអាមេរិកបានច្រានចោលសេចក្តីរាយការណ៍ដែលថា នាវានោះត្រូវបានវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មានហ្វាស (Fars) របស់អ៊ីរ៉ង់ បានរាយការណ៍ថា មីស៊ីលចំនួនពីរគ្រាប់បានបាញ់ត្រូវនាវាចម្បាំងអាមេរិកនៅក្បែរកំពង់ផែចាសស្ក៍ (Jask) ដែលជាច្រកចូលភាគខាងត្បូងនៃច្រកសមុទ្រហ័រមូស។ ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូបបានបដិសេធភ្លាមៗចំពោះព័ត៌មាននេះ ខណៈដែលភាពតានតឹងបានកើតឡើងបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការបញ្ជូនកងទ័ពជើងទឹក ដើម្បីជួយសម្របសម្រួលនាំផ្លូវដល់នាវាដឹកទំនិញដែលកំពុងជាប់គាំងនៅក្នុងតំបន់ជម្លោះឱ្យចាកចេញដោយសុវត្ថិភាព។
ជាការឆ្លើយតប កងបញ្ជាការរួមរបស់អ៊ីរ៉ង់បានព្រមានដល់កងកម្លាំងបរទេស ជាពិសេសកងទ័ពអាមេរិក ថានឹងត្រូវរងការវាយប្រហារ ប្រសិនបើហ៊ានចូលក្បែរ ឬចូលទៅក្នុងច្រកសមុទ្រហ័រមូសដោយគ្មានការសម្របសម្រួលពីយោធាអ៊ីរ៉ង់។
គួរបញ្ជាក់ថា ជម្លោះរយៈពេលជាងពីរខែមកនេះ បានធ្វើឱ្យការដឹកជញ្ជូនប្រេង និងហ្គាសប្រមាណមួយភាគប្រាំនៃពិភពលោកត្រូវរងការរាំងស្ទះ ដែលរុញច្រានតម្លៃប្រេងសកលឱ្យហក់ឡើងរហូតដល់ជាង ៥០ភាគរយ៕






