ចរាចរណ៍នាវានៅច្រកសមុទ្រហ័រមូសនៅតែបន្តជាប់គាំង ទោះបីជាមានការសន្យាការពារពីសហរដ្ឋអាមេរិក
04-05-2026 21:43
(ស្លូ)៖ សកម្មភាពនាវាចរណ៍តាមច្រកសមុទ្រហ័រមូស នៅតែបន្តស្ថិតក្នុងភាពជាប់គាំងនៅថ្ងៃចន្ទនេះ បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាថានឹងបញ្ជូនកងទ័ពទៅជួយការពារ និងនាំផ្លូវនាវាឱ្យចាកចេញពីតំបន់ជម្លោះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមទិន្នន័យពី MarineTraffic បង្ហាញថា មាននាវាតិចតួចបំផុតដែលបានឆ្លងកាត់ ខណៈក្រុមហ៊ុនដឹកជញ្ជូនធំៗដូចជា Hapag-Lloyd បានបញ្ជាក់ថា ការឆ្លងកាត់នៅតែ «មិនអាចទៅរួច» ដោយសារខ្វះភាពច្បាស់លាស់នៃនីតិវិធីសន្តិសុខ។ សមាគមនាវាចរណ៍អន្តរជាតិ BIMCO បានព្រមានថា បើគ្មានការយល់ព្រមពីភាគីអ៊ីរ៉ង់ទេនោះ វាមិនច្បាស់ឡើយថាតើអាមេរិកអាចធានាសុវត្ថិភាពនាវាបានកម្រិតណា ខណៈដែលនាវាពាណិជ្ជកម្មរាប់រយគ្រឿង និងនាវិកប្រមាណ ២០,០០០នាក់ កំពុងជាប់គាំងក្នុងតំបន់នោះ ដែលអាជ្ញាធរនាវាចរណ៍ចាត់ទុកកម្រិតគ្រោះថ្នាក់ថាស្ថិតក្នុងសភាព «ធ្ងន់ធ្ងរ»។
បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានអះអាងថានឹងប្រើប្រាស់កម្លាំងយោធាដើម្បីស្តារសេរីភាពនាវាចរណ៍ ប៉ុន្តែក៏នៅតែបន្តវិធានការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដដែល។ ជាការឆ្លើយតប អ៊ីរ៉ង់បានចេញផែនទីថ្មីបង្ហាញពីតំបន់គ្រប់គ្រងរបស់ខ្លួន និងបានបញ្ជាឱ្យនាវាទាំងអស់ត្រូវតែសម្របសម្រួលជាមួយយោធាអ៊ីរ៉ង់ជាមុន ប្រសិនបើចង់ឆ្លងកាត់ ព្រមទាំងព្រមានវាយប្រហារលើកងទ័ពជើងទឹកអាមេរិក ប្រសិនបើហ៊ានចូលក្បែរតំបន់នោះ។
នៅក្នុងកិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹង ប្រទេសប៉ាគីស្ថានបានបញ្ជាក់ថា ខ្លួនបានជួយសង្គ្រោះនាវិក ២២នាក់នៃនាវាអ៊ីរ៉ង់ Touska ដែលត្រូវបានអាមេរិកចាប់ឃាត់កាលពីខែមុន ហើយគ្រោងនឹងបញ្ជូនពួកគេត្រឡប់ទៅផ្ទះវិញ ដែលនេះជាជំហានមួយក្នុងការពង្រឹងទំនុកចិត្តសម្រាប់ការចរចា។ ទោះជាយ៉ាងណា វិធានការបិទខ្ទប់កំពង់ផែរបស់អាមេរិកដែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែមេសា បានធ្វើឱ្យការនាំចេញប្រេងរបស់ទីក្រុងតេហេរ៉ង់ធ្លាក់ចុះយ៉ាងខ្លាំងបំផុត៕




