អេមីរ៉ាតអារ៉ាប់រួមប្រកាសថា ស្ថានភាពមានសុវត្ថិភាពឡើងវិញ ក្រោយការផ្ដល់ដំណឹងអាសន្នពីការវាយប្រហារដោយមីស៊ីល (Video inside)
04-05-2026 22:53
(ឌូបៃ)៖ ក្រសួងមហាផ្ទៃនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) កាលពីថ្ងៃចន្ទ បានផ្ញើសារដំណឹងអាសន្នទៅកាន់ប្រជាពលរដ្ឋថា ស្ថានភាពបច្ចុប្បន្នមានសុវត្ថិភាពឡើងវិញហើយ បន្ទាប់ពីមានការព្រមានមុននេះបន្តិចអំពីការគំរាមកំហែងដែលអាចកើតមានពីការវាយប្រហារដោយមីស៊ីល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រសួងបានបញ្ជាក់ថា ប្រជាពលរដ្ឋអាចបន្តសកម្មភាពប្រចាំថ្ងៃរបស់ពួកគេជាធម្មតាវិញ ប៉ុន្តែត្រូវបន្តរក្សាការប្រុងប្រយ័ត្ន និងចាត់វិធានការការពារចាំបាច់នានា។ សារប្រកាសសុវត្ថិភាពនេះ ត្រូវបានផ្ញើចេញត្រឹមតែរយៈពេលមិនដល់ ៣០នាទីផង បន្ទាប់ពីអាជ្ញាធរបានផ្ញើសារដំបូងបង្គាប់ឱ្យប្រជាពលរដ្ឋប្រញាប់ស្វែងរកកន្លែងសុវត្ថិភាពជាបន្ទាន់ និងរង់ចាំការណែនាំបន្ថែម។
នេះគឺជាលើកដំបូងហើយដែលអាជ្ញាធរអេមីរ៉ាតអារ៉ាប់រួម បានបញ្ចេញសារព្រមានអាសន្នតាមរយៈទូរស័ព្ទដៃបែបនេះ ចាប់តាំងពីដើមខែមេសាមក ខណៈដែលតំបន់មជ្ឈិមបូព៌ាកំពុងស្ថិតក្នុងភាពតានតឹងនៃសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់៕




