លោក ពូទីន និងលោក ហ្សេលេនស្គី ប្រកាសបទឈប់បាញ់ ២ផ្សេងគ្នា នាឱកាសទិវាជ័យជម្នះរបស់រុស្ស៉ី (Video inside)

05-05-2026 09:09

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២៦ បានប្រកាសពីបទឈប់បាញ់រយៈពេល ២ថ្ងៃ នៅក្នុងសង្រ្គាមជាមួយអ៊ុយក្រែន ដោយចាប់ផ្ដើមពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែឧសភា ដើម្បីប្រារព្ធទិវាជ័យជម្នះសង្រ្គាមលោកលើកទី២របស់រុស្ស៉ី ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសពីបទឈប់បាញ់ដាច់ដោយឡែកមួយដែលនឹងចូលជាធរមានពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន បានបង្ហើបឱ្យដឹងពីលទ្ធភាពនៃការប្រកាសបទឈប់បាញ់ជាលើកដំបូង នាឱកាសត្រៀមប្រារព្ធទិវាជ័យជម្នះលើកទី៨១ក្នុងសង្រ្គាមលោកលើកទី២ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន។ ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសពីបទឈប់បាញ់២ថ្ងៃ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែឧសភា និងរំពឹងអ៊ុយក្រែនក៏នឹងអនុវត្តតាមបទឈប់បាញ់នេះដែរ។

ក្រសួងក៏បានព្រមានដែរថាកងទ័ពរុស្ស៉ីនឹងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីធានាសុវត្ថិភាពដល់ពិធីប្រារព្ធខួបទិវាជ័យជម្នះ ហើយថាការប៉ុនប៉ងណាមួយរបស់អ៊ុយក្រែន ដើម្បីបង្កការរំខានដល់ការប្រារព្ធពិធីនេះនឹងជំរុញឱ្យមានការសងសឹកពីរុស្ស៉ី។ ចំណែក លោក ហ្សេលេនស្គីវិញ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Telegram នៅបន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំនៃសហគមន៍នយោបាយអឺរ៉ុបក្នុងប្រទេសអាមេនី បាននិយាយថាអ៊ុយក្រែននឹងអនុវត្តតាមបទឈប់បាញ់របស់ខ្លួនឯង ដែលនឹងចូលជាធរមាននៅយប់ថ្ងៃអង្គារ ទី៥ ខែឧសភា។ «ពាក់ព័ន្ធនឹងបញ្ហានេះ យើងសូមប្រកាសបទឈប់បាញ់ដែលនឹងចាប់ផ្តើមនៅម៉ោង ០០៖០០នាទីយប់ថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែឧសភា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ហ្សេលេនស្គី។

គួរបញ្ជាក់ថា រុស្ស៉ីជារៀងរាល់ឆ្នាំតែងតែប្រារព្ធខួបនៃទិវាជ័យជម្នះរបស់អតីតសហភាពសូវៀតលើកងទ័ពណាហ្ស៉ីអាល្លឺម៉ង់ក្នុងសង្រ្គាមលោកលើកទី២ នៅថ្ងៃទី៩ ខែឧសភា៕