លោក Lai Ching-te៖ តៃវ៉ាន់មានសិទ្ធិដើម្បីទំនាក់ទំនងជាមួយពិភពលោក (Video inside)

05-05-2026 10:45

(AFP)៖ មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te នៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាតៃវ៉ាន់មានសិទ្ធិដើម្បីទំនាក់ទំនងជាមួយពិភពលោក បន្ទាប់ពីរូបលោកត្រឡប់មកពីធ្វើទស្សនកិច្ចនៅប្រទេសអេស្វាទី ដែលជាសម្ព័ន្ធមិត្តតែមួយគត់របស់តៃវ៉ាន់ក្នុងតំបន់អាហ្វ្រិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានទីក្រុងតៃប៉ិ ក្រោយត្រឡប់មកពីធ្វើទស្សនកិច្ចនៅអេស្វាទីនី លោក Lai Ching-te បានគូសបញ្ជាក់ដូច្នេះថា «ប្រជាជនតៃវ៉ាន់ជាប្រជាជនរបស់ពិភពលោក។ ដូច្នេះប្រជាជនតៃវ៉ាន់មានសិទ្ធិទំនាក់ទំនងជាមួយពិភពលោក»។

គួរបញ្ជាក់ថា ចិនបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយគ្មានសិទ្ធិមានទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋជាមួយបណ្ដាប្រទេសដទៃនោះទេ។ ទីក្រុងប៉េកាំងក៏បានអំពាវនាវឱ្យបណ្ដាប្រទេសនៅជុំវិញពិភពលោកបញ្ឈប់រាល់ទំនាក់ទំនងទាំងឡាយជាមួយតៃវ៉ាន់ផងដែរ។

អេស្វាទីនីគឺជាប្រទេសមួយក្នុងចំណោមប្រទេស ឬដែនដីចំនួន១២ និងជាប្រទេសតែមួយគត់ក្នុងតំបន់អាហ្វ្រិក ដែលបន្តរក្សា ទំនាក់ទំនងជាមួយតៃវ៉ាន់៕