លោក ត្រាំ ប្រាប់កូរ៉េខាងត្បូង ឱ្យមកចូលរួមបេសកកម្មការពារកប៉ាល់ដឹកជញ្ជូន នៅក្បែរអ៉ីរ៉ង់ (Video inside)

05-05-2026 11:13

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា កូរ៉េខាងត្បូងគួរតែចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងកិច្ចខិតខំប្រឹងប្រែងការពារការធ្វើនាវាចរណ៍ ក្បែរប្រទេសអ៉ីរ៉ង់ ដោយបន្ថែមថារដ្ឋមន្រ្តីការពារជាតិ លោក Pete ⁠Hegseth រួមជាមួយប្រធានអគ្គសេនាធិការចម្រុះ លោក Dan Caine នឹងធ្វើសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦៕។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បញ្ជាក់ថា «អ៉ីរ៉ង់ ​បាន​បាញ់កប៉ាល់របស់ប្រទេសមួយចំនួន​ដែល​មិន​ពាក់ព័ន្ធ​ រួមទាំង​កប៉ាល់​ដឹកទំនិញ​របស់​កូរ៉េខាងត្បូង​ផងដែរ។ ប្រហែល​ជា​ដល់​ពេល​ ដែល​កូរ៉េ​ខាង​ត្បូង​មក​ចូល​រួម​បេសកកម្ម​ហើយ»

លោក ត្រាំ បានដាក់យុទ្ធនាការ «Project Freedom» ដោយស្នើឱ្យប្រទេសនៅជុំវិញពិភពលោក មករំដោះកប៉ាល់របស់ពួកគេ ដែលជាប់គាំងនៅច្រកសមុទ្រ Hormuz ហើយថាសហរដ្ឋអាមេរិក នឹងជួយនាំផ្លូវកប៉ាល់ទាំងនោះចេញដោយសុវត្ថិភាព ពីផ្លូវទឹកដែលត្រូវបានរឹតត្បិត៕