រដ្ឋមន្រ្តីពាណិជ្ជកម្មអាមេរិក ស្នើចិនបង្កើនសម្ពាធការទូតលើអ៉ីរ៉ង់ មុនជំនួបត្រាំ-ស៉ី (Video inside)
05-05-2026 11:53
(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានស្នើដល់ប្រទេសចិន បង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចួលអ៉ីរ៉ង់ឱ្យបើកច្រកសមុទ្រ Hormuz ដែលជាផ្លូវពាណិជ្ជកម្មអន្តរជាតិ ដោយបន្ថែមថា ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតី ស៉ី ជីនពីង នឹងពិភាក្សាគ្នាអំពីប្រធានបទនេះ ក្នុងជំនួបសប្តាហ៍ក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦។
«ចិន សូមបង្កើនមធ្យោបាយការទូតខ្លះ ធ្វើឱ្យអ៉ីរ៉ង់បើកច្រកសមុទ្រ»។ នេះជាការគូសបញ្ជាក់របស់ លោក Bessent ក្នុងបទសម្ភាសជាមួយទូរទស្សន៍ Fox News។
តាមលោក Bessent ប្រធានាធិបតី ត្រាំ និងប្រធានាធិបតី ស៉ី បាននិងកំពុងពិភាក្សាជុំវិញបញ្ហាអ៉ីរ៉ង់ ហើយគ្រោងផ្លាស់ប្តូរទស្សនយោបល់គ្នាផ្ទាល់ អំឡុងជំនួបពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា នៅទីក្រុងប៉េកាំង។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា មេដឹកនាំទាំងពីរ ក៏នឹងខិតខំរក្សាស្ថិរភាពទំនាក់ទំនងអាមេរិក-ចិន ដែលភ្ជាប់ដោយបទឈប់បាញ់ក្នុងសង្រ្គាមពាណិជ្ជកម្ម កាលពីខែតុលា ផងដែរ៕




