អូស្រ្តាលី បញ្ចេញថវិកាជាង ៧ពាន់លានដុល្លារ ដើម្បីបង្កើនស្តុកប្រេងឥន្ធនៈ និងទុនបម្រុងប្រេងរដ្ឋ (Video inside)
06-05-2026 11:58
(ស៉ីដនី)៖ លោកនាយករដ្ឋមន្ត្រី Anthony Albanese បាននិយាយនៅថ្ងៃពុធ ទី៦ ខែឧសភា ថាអូស្ត្រាលីនឹងចំណាយថវិកា ៧.២២ពាន់លានដុល្លារ ដើម្បីបង្កើនស្តុកប្រេងឥន្ធនៈ និងបង្កើតអង្គភាពអចិន្ត្រៃយ៍មួយសម្រាប់គ្រប់គ្រងទុនបម្រុងប្រេងឥន្ធនៈជាតិ។ នេះបើយោងតាមការចេញផ្សាយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក Albanese បានឱ្យដឹងថា ទុនបម្រុងប្រេងឥន្ធនៈប្រហែល ១ ០០០លានលីត្រ នឹងធានាថាអូស្ត្រាលី មានប្រេងសម្រាប់ប្រើប្រាស់យ៉ាងហោចណាស់ ៥០ថ្ងៃ ក្នុងករណីមានបញ្ហាផ្គត់ផ្គង់។ លោក Albanese ប្រាប់សន្និសីទសារព័ត៌មានថា «ប្រជាជនអូស្ត្រាលី អាចមានទំនុកចិត្តថែមទៀត ជុំវិញអធិបតេយ្យភាពថាមពល ដោយមិនត្រឹមតែក្នុងអំឡុងពេលមានវិបត្តិនេះប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្ពោះទៅមុខ ដើម្បីការពារផលប្រយោជន៍ថាមពលរបស់ប្រទេសផងដែរ»។
ទុនបម្រុងប្រេងឥន្ធនៈ នឹងត្រូវចំណាយអស់ ២.៣១ពាន់លានដុល្លារ។ បន្ថែមពីនេះ កញ្ចប់ថវិកា ៧.២២ពាន់លានដុល្លារ នឹងយកទៅប្រើក្នុងការបង្កើនស្តុកប្រេងឥន្ធនៈ និងជីកសិកម្ម តាមរយៈការផ្តល់ប្រាក់កម្ចី និងធានារ៉ាប់រងលើតម្លៃផងដែរ៕






