រុស្ស៉ីថាការវាយប្រហាររបស់អ៊ុយក្រែន សម្លាប់មនុស្ស៧នាក់ កាលពីថ្ងៃអង្គារ (Video inside)
06-05-2026 13:17
(មូស្គូ)៖ កាលពីថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦ អភិបាលឧបទ្វីបគ្រីមៀដែលគ្រងគ្រងដោយរុស្ស៉ី បានអះអាងថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន បានសម្លាប់ជនស៉ីវិល៥នាក់ នៅទីក្រុង Dzhankoi។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន TASS។
ក្នុងថ្ងៃដដែល អាជ្ញាធរនៅតំបន់ Chuvash នៃប្រទេសរុស្ស៉ី ក៏បានឱ្យដឹងដែរថា មនុស្ស២នាក់បានស្លាប់ និងយ៉ាងហោច៣២នាក់បានរងរបួស ក្នុងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន ជាហេតុជំរុញឱ្យអភិបាលតំបន់នោះ សម្រេចប្រកាសភាពអាសន្ន។ កាលពីថ្ងៃអង្គារ អ៊ុយក្រែនក៏បានវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតមួយរបស់រុស្ស៉ី បង្កជាគ្រោះអគ្គិភ័យនៅទីតាំងឧស្សាហកម្ម ក្នុងក្រុង Kirishi នៃតំបន់ Leningrad។
គួរបញ្ជាក់ថា តាមការអះអាងរបស់រុស្ស៉ី រយៈពេលប្រមាណជា១សប្តាហ៍មកនេះ ជនស៉ីវិលរុស្ស៉ីយ៉ាងហោច៣៤នាក់ បានបាត់បង់ជីវិត ក្នុងនោះមានកុមារ២នាក់ និងរបួសរហូតដល់ជាង ១៧០នាក់ ក្រោមការវាយប្រហាររបស់អ៊ុយក្រែន។ កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិរុស្ស៉ីបានរាយការណ៍ថា យន្តហោះដ្រូនអ៊ុយក្រែនសរុបជិត៣០០គ្រឿង ត្រូវបានបាញ់ស្កាត់ដោយប្រព័ន្ធការពារដែនអាកាស លើតំបន់ជាច្រើននៅភាគខាងលិចនិងខាងត្បូងប្រទេសរុស្ស៉ី ព្រមទាំងសមុទ្រ Azov៕






