អាមេរិកថាលោក ត្រាំ និងលោក ស៉ី ទំនងនឹងពិភាក្សាគ្នាអំពីតៃវ៉ាន់ អំឡុងកិច្ចប្រជុំកំពូលនាសប្តាហ៍ក្រោយ (Video inside)

06-05-2026 14:43

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា តៃវ៉ាន់ទំនងនឹងជាប្រធានបទនៃកិច្ចពិភាក្សារវាង​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៉ី ជីនពីង នៅពេលដែលមេដឹកនាំទាំងពីរ ជួបមុខគ្នានាសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦។

អំឡុងសន្និសីទសារព័ត៌មានខ្លីមួយនៅសេតវិមាន លោក Rubio បាននិយាយថា សហរដ្ឋអាមេរិក មិនត្រូវការហេតុការណ៍អស្ថិរភាពណាមួយ កើតឡើងពាក់ព័ន្ធទៅនឹងតៃវ៉ាន់ឡើយ។ លោក Rubio បានប្រាប់ថា «ខ្ញុំប្រាកដណាស់ថា តៃវ៉ាន់នឹងជាប្រធានបទនៃកិច្ចសន្ទនា ពោលគឺវាតែងតែជាប្រធានបទជានិច្ច។ ខ្ញុំគិតថាប្រទេសទាំងពីរយល់ច្បាស់ថា វាមិនមែនជារឿងល្អទេ ប្រសិនបើមានការបង្កអស្ថិរភាពណាមួយ កើតឡើងនៅផ្នែកនោះនៃពិភពលោក។ យើងមិនត្រូវការហេតុការណ៍អស្ថិរភាព កើតមានឡើងពាក់ព័ន្ធនឹងតៃវ៉ាន់ ឬកន្លែងដទៃទៀតនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិកទេ»

គួរបញ្ជាក់ថា លោក ត្រាំ គ្រោងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃទី១៤ និងទី១៥ ខែឧសភា។ ប៉ុន្មានឆ្នាំមកហើយ តៃវ៉ាន់បានប្រឈមមុខសម្ពាធកាន់តែកើនឡើង ទាំងផ្នែកយោធានិងនយោបាយពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះ ជាផ្នែកនៃទឹកដីរបស់ប្រទេសចិន។ ទោះមិនមានទំនាក់ទំនងផ្លូវការក៏ដោយ ទីក្រុងវ៉ាស៉ីនតោន គឺជាខ្នងបង្អែកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់របស់តៃវ៉ាន់ ដែលជាហេតុនាំឱ្យមានការមិនពេញចិត្តពីទីក្រុងប៉េកាំង៕