រដ្ឋមន្រ្តីការបរទេសអាមេរិក ថាក្រុមហេសបូឡាគឺជាបញ្ហា ជុំវិញកិច្ចព្រមព្រៀងសន្តិភាពរវាងអ៉ីស្រាអែល និងលីបង់ (Video inside)
06-05-2026 15:29
(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា សន្តិភាពរវាងអ៉ីស្រាអែល និងលីបង់អាចសម្រេចទៅបាន ប៉ុន្តែបញ្ហាគឺនៅត្រង់ចលនាប្រដាប់អាវុធគាំទ្រដោយអ៉ីរ៉ង់នៅលីបង់ គឺហេសបូឡា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៦។
លោកបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯសេតវិមានថា «ជាទូទៅ ខ្ញុំគិតថា កិច្ចព្រមព្រៀងសន្តិភាពរវាងលីបង់ និងអ៉ីស្រាអែល អាចសម្រេចបានក្នុងពេលឆាប់ៗ ហើយវាគួរតែដូច្នោះ»។ លោកបន្ថែមថា «បញ្ហាសម្រាប់អ៉ីស្រាអែល និងលីបង់ គឺមិនមែនអ៉ីស្រាអែល ឬលីបង់ខ្លួនឯងទេ តែជាក្រុមហេសបូឡា»។
រដ្ឋាភិបាលលីបង់ចង់ បានកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ជាមួយអ៉ីស្រាអែល ដែលនឹងបញ្ចប់វដ្តនៃការឈ្លានពាន និងវាយប្រហារម្តងហើយម្តងទៀតរបស់អ៉ីស្រាអែល ដែលមិនគ្រាន់តែកិច្ចព្រមព្រៀងសន្តិភាព។ អ៉ីស្រាអែលវិញ បាននិយាយថាកិច្ចព្រមព្រៀងណាមួយ ត្រូវតែរំសាយអាវុធក្រុមហេសបូឡាទាំងស្រុង។
អ៉ីស្រាអែលបានបង្កើនការវាយប្រហារតាមផ្លូវអាកាសលើលីបង់ បន្ទាប់ពីក្រុមហេសបូឡាបាញ់មីស៉ីលទៅអ៉ីស្រាអែល នៅថ្ងៃទី២ ខែមីនា ពោលគឺ ៣ថ្ងៃក្រោយអាមេរិក និងអ៉ីស្រាអែលបំផ្ទុះសង្រ្គាមជាមួយអ៉ីរ៉ង់។ បន្ទាប់មក អ៉ីស្រាអែលបានពង្រីកសកម្មភាពយោធា ចូលទៅក្នុងភាគខាងត្បូងនៃប្រទេសលីបង់៕






