បក្សសាធារណរដ្ឋ ស្វែងរកថវិកា ១ពាន់លានដុល្លារ សម្រាប់បង្កើនសមត្ថភាពកងអង្គរក្សប្រធានាធិបតីអាមេរិក (Video inside)

06-05-2026 16:09

(វ៉ាស៉ីនតោន)៖ សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ កំពុងស្វែងរកមូលនិធិចំនួន ១ពាន់លានដុល្លារ ដកចេញពីការបង់ពន្ធ យកទៅឱ្យកងអង្គរក្សប្រធានាធិបតីអាមេរិក ធ្វើឱ្យប្រសើរឡើងផ្នែកការពារសន្តិសុខ រួមទាំងសាលរៀបចំពិធីជប់លៀងរបស់សេតវិមានផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៦។

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និយាយថា ការបរិច្ចាគឯកជន នឹងចំណាយគម្រោងធ្វើសាលប្រជុំថ្មី ចំនួន ៤០០លានដុល្លារ។ គម្រោងមូលនិធិកងអង្គរក្សប្រធានាធិបតី ត្រូវបានដាក់ចេញកាលពីដើមសប្តាហ៍ ក្នុងជាផ្នែកមួយនៃកញ្ចប់ថវិកាជិត ៧២ពាន់លានដុល្លារ ដើម្បីផ្តល់ថវិកាដល់ការអនុវត្តន៍ច្បាប់អន្តោប្រវេសន៍ គយ និងឆ្មាំព្រំដែនរហូតដល់ឆ្នាំ២០២៩។

សំណើរបស់គណៈកម្មាធិការសន្តិសុខមាតុភូមិ និងកិច្ចការរដ្ឋាភិបាលនៃព្រឹទ្ធសភា រួមមាន ១៩ពាន់លានដុល្លារ សម្រាប់ឱ្យមន្រ្តីគយ និងឆ្មាំព្រំដែន (CBP) និង ៧.៥ពាន់លានដុល្លារ សម្រាប់ការងារស៊ើបអង្កេតសន្តិសុខ របស់ភ្នាក់ងារបង្រ្កាបអន្តោប្រវេសន៍ (ICE) នៃក្រសួងសន្តិសុខមាតុភូមិអាមេរិក។

គណៈកម្មាធិការយុត្តិធម៌ព្រឹទ្ធសភា បានសម្រេចផ្តល់ឱ្យ CBP ជិត ៣.៥ពាន់លានដុល្លារ និង ICE ជិត ៣១ពាន់លានដុល្លារ សម្រាប់ការអនុវត្តច្បាប់អន្តោប្រវេសន៍។ រីឯថវិកាបន្ថែមនឹងឱ្យទៅក្រសួងយុត្តិធម៌ ក្រសួងសន្តិសុខមាតុភូមិ កងអង្គរក្សប្រធានាធិបតី ក៏ដូចជាសម្រាប់ការងារសន្តិសុខ និងបច្ចេកវិទ្យាព្រំដែនផងដែរ៕