លោក Xi Jinping ​​​ផ្តល់​អនុសាសន៍​ណែនាំ​​​សំខាន់​​ចំពោះ​ឧបទ្ទវហេតុ​បំ​ផ្ទុះ​ក្នុង​រោងចក្រ​ផលិត​កាំជ្រួញ​​មួយ​នៅ​ស្រុក​ Liuyang ក្រុង Changsha ​ខេត្ត Hunan

06-05-2026 17:52

(ប៉េកាំង)៖ នៅវេលាម៉ោង ១៦ ប្រហែល ៤០នាទី ថ្ងៃទី ៤ ខែ​ឧសភា ​ក្នុង​រោង​ផលិត​នៃ​រោងចក្រ​កាំជ្រួញ​​ ​Huasheng ​ដែលស្ថិត​នៅ​ស្រុក​ Liuyang ក្រុង Changsha ​ខេត្ត Hunan​ ​ប្រទេសចិន​​បាន​កើត​មាន​​ហេតុការណ៍​បំ​ផ្ទុះ​​បណ្តាល​ឱ្យ​មនុស្ស​ច្រើននាក់​ស្លាប់​បាត់បង់ជីវិត​​និង​រងរបួស​។

បន្ទាប់ពី​ឧបទ្ទវហតុនេះ​កើតឡើង ​លោក Xi Jinping ​អគ្គលេខាធិការ​​នៃ​គណៈកមា្មធិការ​មជ្ឈិមបក្សកុម្មុយនីស្តចិន​ ប្រធានរដ្ឋចិន​ និង​ជា​​​ប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន​បាន​យកចិត្តទុកដាក់​ខ្ពស់​ ​ហើយបាន​​​ផ្តល់​អនុសាសន៍​ណែនាំ​​​សំខាន់​​​ចំពោះ​ករណីនេះ​ថា ​​ត្រូវធ្វើការ​រុករក​និងជួយ​សង្គ្រោះជាបន្ទាន់​ចំពោះ​មនុស្ស​បាត់ខ្លួន ​ព្យាបាលជួយ​សង្គ្រោះ​មនុស្ស​​​រងរបួស​​ រៀបចំ​ចាត់ចែង​ការងារបន្ទាប់​ឱ្យបាន​សមរម្យ ស្វែងរក​ឱ្យបានឆាប់​ចំពោះ​​​មូលហេតុ ​និងត្រូវធ្វើការ​ស៊ើប​អង្កេត​ឲ្យបាន​តឹង​រ៉ឹង​​ចំពោះ​អ្នក​ទទួលខុសត្រូវ​។

លោកបាន​សង្កត់ធ្ងន់ថា ​​តំបន់នានា​​ និងក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ ត្រូវ​​រៀន​បទពិសោធន៍​ពី​ហេតុការណ៍​នេះ គួរ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​​ជានិច្ច​​​ចំពោះ​​​ទំនួល​ខុសត្រូវ​​នៃ​សុវត្តិភាព​​ផលិតកម្ម ត្រូវ​ធ្វើ​ការត្រួត​ពិនិត្យ​និង​គ្រប់គ្រង​ដើម្បី​ទប់ស្កាត់​ហានិភ័យ​គ្រោះថ្នាក់​ក្នុង​វិស័យ​ឧស្សាហកម្ម​សំខាន់ ​​បង្កើន​​ការគ្រប់គ្រង​សន្តិភាពសាធារណៈ ​​ដើម្បី​​ធានា​​សុវត្តិភាព​អាយុ​ជីវិត​និង​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​៕

វិទ្យុមិត្តភាពកម្ពុជាចិន