មនុស្ស ៥នាក់ស្លាប់ ខណៈកូនប្រុសមេដឹកនាំហាម៉ាសនៅហ្កាហ្សា រងរបួស ក្នុងការវាយប្រហាររបស់អ៉ីស្រាអែល (Video inside)

07-05-2026 11:46

(ហ្កាហ្សា)៖ គ្រូពេទ្យ និងក្រុមហាម៉ាស បានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល កាលពីថ្ងៃពុធសប្តាហ៍នេះ លើទូទាំងតំបន់ហ្កាហ្សា បណ្តាលកូនប្រុសរបស់មេដឹកនាំហាម៉ាសម្នាក់ ត្រូវរបួស និងបានសម្លាប់មនុស្សចំនួន​ ៥នាក់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦។

លោក Azzam Al-Hayya ជាកូនរបស់ លោក Khalil Al-Hayya ដែលជាមេដឹកនាំហាម៉ាសប្រចាំតំបន់ហ្កាហ្សា ហើយបានដឹកនាំការចរចាដោយប្រយោលជាមួយអ៉ីស្រាអែល ជុំវិញអនាគតនៃតំបន់ប៉ាឡេស្ទីន បានរងរបួស នៅក្នុងការវាយប្រហារលើទីក្រុងហ្កាហ្សា (Gaza City)។ យោធាអ៉ីស្រាអែល មិនទាន់ធ្វើអត្ថាធិប្បាយទេ ជុំវិញសេចក្តីរាយការណ៍នេះ។

លោក Hayya បានបាត់បង់កូនប្រុស ៣នាក់រួចហើយ នៅក្នុងការប៉ុនប៉ងរបស់អ៉ីស្រាអែលពីមុនៗ ដោយ ២នាក់ស្លាប់ក្នុងការប្រយុទ្ធគ្នានៅហ្កាហ្សាឆ្នាំ ២០០៨ និងឆ្នាំ២០១៤ ខណៈម្នាក់ទៀតត្រូវបានសម្លាប់ ក្នុងការប៉ុនប៉ងសម្លាប់មេដឹកនាំហាម៉ាស នៅឯទីក្រុងដូហា កាលពីឆ្នាំមុន។

ការវាយប្រហាររបស់អ៉ីស្រាអែល កើតមានឡើង នៅពេលដែលក្រុមថ្នាក់ដឹកនាំហាម៉ាស និងអាជ្ញាធរប៉ាឡេស្ទីន បានជួបពិភាក្សាជាមួយបេសកជននៃក្រុមប្រឹក្សាសន្តិភាព លោក Nickolay Mladenov នៅទីក្រុងគែរ ក្នុងសប្តាហ៍នេះ ដើម្បីជំរុញផែនការហ្កាហ្សារបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឱ្យចូលទៅដំណាក់កាលទីពីរ៕