ចិនបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារដាក់ប្រទេសអេស្វាទីនី ក្រោយដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ (Video inside)

07-05-2026 13:16

(ប៉េកាំង)៖ កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ ចិនបានបញ្ចេញប្រតិកម្មខឹងសម្បារយ៉ាងខ្លាំង ដោយប្រើពាក្យសម្តីធ្ងន់ខុសពីធម្មតា ដើម្បីថ្កោលទោសអេស្វាទីនី ជាប្រទេសតូចមួយនៅទី្វបអាហ្រិ្វក ដែលថ្មីៗនេះបានស្វាគមន៍ដំណើរទស្សនកិច្ចរបស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការរិះគន់ពីសំណាក់ទីក្រុងប៉េកាំង កើតមានឡើងបន្ទាប់ពីលោក Lai ទើបត្រឡប់ទៅដល់កោះតៃវ៉ាន់វិញ កាលពីថ្ងៃអង្គារ ក្រោយការបំពេញទស្សនកិច្ចភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអេស្វាទីនីនៅភាគខាងត្បូងទ្វីបអាហ្រ្វិក។ អេស្វាទីនី ស្ថិតក្នុងចំណោមប្រទេសត្រឹម១២ប៉ុណ្ណោះ ដែលនៅរក្សាទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់។ ទីក្រុងប៉េកាំង ដែលចាត់ទុកតៃវ៉ាន់ជាផ្នែកនៃដែនដីរបស់ចិន មើលឃើញលោក Lai ជាបុគ្គលចង់បំបែករដ្ឋដ៏គ្រោះថ្នាក់ ហើយបានទាមទារឱ្យប្រទេសនានា កុំធ្វើការទាក់ទងជាមួយរដ្ឋាភិបាលរបស់លោក និងទទួលស្វាគមន៍រូបលោក។

បើតាមរដ្ឋាភិបាលតៃវ៉ាន់ កន្លងមកនេះ ចិនបានដាក់សម្ពាធឱ្យប្រទេសអាហ្រ្វិកចំនួន៣ នៅមហាសមុទ្រឥណ្ឌា រួមមាន Seychelles, Mauritius និង Madagascar លុបចោលការផ្តល់សិទ្ធិហោះហើរឆ្លងកាត់ដែនអាកាសរបស់ពួកគេ សម្រាប់យន្តហោះរបស់លោក នៅពេលលោកគ្រោងធ្វើទស្សនកិច្ចកាលពីខែមុន ទៅប្រទេសអេស្វាទីនី ដើម្បីចូលរួមខួបទី៤០ នៃការឡើងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រអេស្វាទីនី ព្រះអង្គ Mswati III។

ប៉ុន្តែស្ងាត់ៗ លោក Lai Ching-te ស្រាប់តែបានលេចមុខនៅអេស្វាទីនី កាលពីដើមខែនេះ ដោយចុះពីលើយន្តហោះឯកជន របស់ព្រះមហាក្សត្រអេស្វាទីនីផ្ទាល់។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា លោក Lai ទាល់តែលួចលាក់ធ្វើដំណើរ ទើបបានទៅដល់អេស្វាទីនី ដែលវាឆ្លុះបញ្ចាំងឱ្យឃើញថា សកម្មភាពបំបែករដ្ឋរបស់តៃវ៉ាន់ ត្រូវបានបដិសេធដោយសហគមន៍អន្តរជាតិ។ លោក Lin ថែមទាំងបានប្រើពាក្យពេចន៍ ប្រៀបប្រដូចថ្នាក់ដឹកនាំអេស្វាទីនី ទៅនឹងខ្ញុំបម្រើរបស់តៃវ៉ាន់ សម្រាប់អ្វីដែលលោកហៅថា ការផ្តល់វេទិកាឱ្យចលនាចង់បាន​ឯករាជ្យរបស់តៃវ៉ាន់ ដែលនេះគឺផ្ទុយពីជំនោរប្រវត្តិសាស្រ្ត ហើយប្រទេសចិនថ្កោលទោសជាខ្លាំង។

ជាការឆ្លើយតប​ អ្នកនាំពាក្យរដ្ឋាភិបាលអេស្វាទីនី លោកស្រី Thabile Mdluli បាននិយាយថា ការអត្ថាធិប្បាយរបស់ទីក្រុងប៉េកាំង គឺគួរសោកស្តាយជាខ្លាំង ហើយផ្ទុយពីស្តង់ដាដែលត្រូវបានរំពឹងទុក ក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ ដែលប្រកបដោយការគោរព។ វាគួរឱ្យបារម្ភជាពិសេសថែមទៀត នៅពេលសេចក្តីថ្លែងការណ៍លក្ខណៈបែបនេះ ចេញមកពីប្រទេសដែលបានអះអាងថា ខ្លួនជា​តួអង្គដឹកនាំពិភពលោកមួយ ដែលមានការទទួលខុសត្រូវខ្ពស់។ អ្នកនាំពាក្យបានបន្តថា អេស្វាទីនីមិនត្រូវរងការសម្លុតគំរាមដាច់ខាត ហើយការសម្រេចចិត្តរឿងប្រទេសជាតិរបស់ខ្លួន គឺត្រូវតែមានការគោរពពីប្រទេសដទៃទៀត។

គួរបញ្ជាក់ថា ក្រោយត្រឡប់មកពីអេស្វាទីនីវិញ លោក Lai កាលពីថ្ងៃពុធ បានលើកឡើងថា ទោះបីមានការបិទខ្ទប់និងដាក់សម្ពាធពី​ចិនយ៉ាងណាក៏ដោយ តៃវ៉ាន់ច្បាស់ណាស់នឹងបន្តបោះជំហានជាលំដាប់ នៅលើឆាកអន្តរជាតិ ដរាបណា ខ្លួននៅតែមិនចុះញ៉ម រួមសាមគ្គីគ្នា ហើយធ្វើការជិតស្និទ្ធជាមួយបណ្តាដៃគូ ដែលមានចិត្តគំនិតដូចគ្នា៕