ប្រទេសថៃ ប្តេជ្ញារឹតបន្តឹងការគ្រប់គ្រងសកម្មភាពភ្ញៀវទេសចរបរទេស ក្រោយមានករណីរួមភេទតាមទីសាធារណៈជាបន្តបន្ទាប់ (Video inside)

07-05-2026 15:09

(បាងកក)៖ កាលពីថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ រដ្ឋាភិបាលថៃ បានប្តេជ្ញាថានឹងរឹតបន្តឹងការគ្រប់គ្រងចំពោះអាកប្បកិរិយារបស់​ភ្ញៀវទេសចរបរទេស បន្ទាប់ពីមានករណីជាបន្តបន្ទាប់ ពាក់ព័ន្ធជនបរទេសត្រូវបានមើលឃើញធ្វើសកម្មភាពរួមភេទ នៅតាមទីសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់នៃប្រទេសជាតិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការិយាល័យនាយករដ្ឋមន្រ្តីថៃ បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា អ្នកទេសចរដែលបង្ហាញអាកប្បកិរិយាមិនសមរម្យ រួមមានទាំង​ការប្រើប្រាស់គ្រឿងញៀន នឹងត្រូវប្រឈមមុខការដាក់ទោសតាមផ្លូវច្បាប់ ដោយសារវាផ្ទុយស្រឡះពីវប្បធម៌របស់ប្រទេសថៃ។ ការចេញសេចក្តីថ្លែងការណ៍បែបនេះ គឺបន្ទាប់ពីមានឧប្បត្តិហេតុមួយ កាលពីថ្ងៃចន្ទដើមសប្តាហ៍ នៅកោះ Phuket ភាគខាងត្បូង ជាទីដែលគូស្នេហ៍មួយគូ ត្រូវរកឃើញថា បានធ្វើសកម្មភាពរួមភេទលើ tuk-tuk នៅតំបន់ទេសចរណ៍ពេញនិយមមួយកន្លែង។

អាជ្ញាធរថៃបាននិយាយថា ពួកគេកំពុងធ្វើការដើម្បីដកហូតទិដ្ឋាការ របស់បុរសជនជាតិអេស៉្បាញម្នាក់អាយុ៤១ឆ្នាំ និងស្រ្តីជនជាតិប៉េរូម្នាក់ អាយុ៤៣ឆ្នាំ ហើយបណ្តេញចេញពីប្រទេស និងកត់ឈ្មោះចូលបញ្ជីខ្មៅ។ រដ្ឋាភិបាលថៃបានអះអាងថា បុរសនិងស្រ្តីទាំង២នោះ បានឆ្លើយសារភាពកំហុស ហើយត្រូវបានចោទប្រកាន់ ក្រោមច្បាប់ប្រឆាំងការប្រព្រឹត្តទង្វើមិនសមរម្យនៅទីសាធារណៈ។ ក្រោមច្បាប់ប្រទេសថៃ ការអាក្រាតកាយ និងការប្រព្រឹត្តសកម្មភាពផ្លូវភេទដទៃទៀតនៅទីសាធារណៈ មានទោសរងពិន័យជាប្រាក់ដល់ ៥០០០បាត (១៥៥ដុល្លារ)។

សេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីថៃ បាននិយាយថា ចំណាត់ការរឹតបន្តឹង មានគោលដៅរក្សាការពារគុណតម្លៃវប្បធម៌របស់ប្រទេសថៃ ហើយការត្រួតពិនិត្យរបស់អាជ្ញាធរ នៅតាមទីតាំងមជ្ឈមណ្ឌលកម្សាន្ត ក៏នឹងមានលក្ខណៈតឹងរ៉ឹងជាងមុនផងដែរ។

គួរបញ្ជាក់ថា កាលពីខែមេសា គូស្នេហ៍ជនជាតិបារាំងមួយគូ ត្រូវបានចាប់ខ្លួននិងបណ្តេញចេញពីប្រទេស ក្រោយឃ្លីបវីដេអូនៃ​សកម្មភាពរួមភេទរបស់ពួកគេ នៅលើឆ្នេរកោះ Phuket ត្រូវបានចែកចាយពាសពេញអ៉ីនធើណិត។ ដោយឡែក គូស្នេហ៍មួយគូផ្សេងទៀតមកពីប្រទេសបារាំង ក៏ត្រូវបានចុះក្នុងបញ្ជីខ្មៅ និងដកហូតទិដ្ឋាការ បន្ទាប់ពីវីដេអូមួយបង្ហាញឱ្យឃើញ​អ្នកទាំងពីររួមភេទលើ tuk-tuk នៅកោះ Phuket កាលពីពេលកន្លងទៅ ក្នុងឆ្នាំនេះ ដែលនាំឱ្យមានការបញ្ចេញមតិរិះគន់ជាខ្លាំង​នៅលើបណ្តាញសង្គម៕