នៅឯប៉េកាំង សមាជិកព្រឹទ្ធសភាអាមេរិក ស្នើរក្សាស្ថិរភាព និងកិច្ចសហប្រតិបត្តិការ រវាងអាមេរិក និងចិន (Video inside)

07-05-2026 15:57

(ប៉េកាំង)៖ គណៈប្រតិភូសមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុម ដែលកំពុងបំពេញទស្សនកិច្ចក្នុងទីក្រុងប៉េកាំង បានអំពាវនាវរកស្ថិរភាព និងកិច្ចសហប្រតិបត្តិការដោយសន្តិវិធី រវាងសហរដ្ឋអាមេរិក និងចិន មួយសប្តាហ៍មុនពេលមេដឹកនាំ នៃប្រទេសមហាអំណាចទាំងពីរជួបគ្នា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦។

សមាជិកព្រឹទ្ធសភាអាមេរិក លោក Steve Daines បានគូសបញ្ជាក់ទៅកាន់រដ្ឋមន្រ្តីការបរទេសចិន លោក ​Wang Yi ក្នុងពិធីបើកកិច្ចប្រជុំថា «ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងចង់បន្ធូរបន្ថយភាពតានតឹង មិនមែនផ្ដាច់ទំនាក់ទំនងទេ។ យើងចង់បានស្ថិរភាព យើងចង់បានការគោរពគ្នាទៅវិញទៅមក»។

ប្រសិនបើមិនមានការប្រែប្រួលទេ លោក ត្រាំ នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបប្រធានាធិបតី លោក ស៉ី ជីនពីង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែឧសភា។ លោក Steve Daines សង្ឃឹមថាជំនួបកំពូលនៃមេដឹកនាំ នឹងនាំទៅដល់ការបញ្ជាទិញយន្តហោះប្រភេទថ្មី ពីក្រុមហ៊ុន Boeing ទោះបីជាប្រទេសទាំងពីរកំពុងប្រឈមមុខដាក់គ្នា លើបញ្ហាពាណិជ្ជកម្មក៏ដោយ៕