អាស៊ានជំរុញឱ្យមានការឆ្លើយតបរួមគ្នា ចំពោះវិបត្តិថាមពលដែលបង្កឡើងដោយជម្លោះមជ្ឈិមបូព៌ា (Video inside)

07-05-2026 19:03

(សេប៊ូ)៖ បញ្ហាវិបត្តិនៅមជ្ឈិមបូព៌ាបានក្លាយជាប្រធានបទស្នូលនៅក្នុងកិច្ចប្រជុំអាស៊ាន នាថ្ងៃព្រហស្បតិ៍នេះ ខណៈដែលមានការអំពាវនាវឱ្យមានការរួបរួមគ្នា ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃសន្តិសុខថាមពល និងស្បៀងអាហារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បណ្តាប្រទេសអាស៊ានទាំង ១១ ដែលពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឥន្ធនៈ កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាំងខ្ទប់ច្រកសមុទ្រហ័រមូស បន្ទាប់ពីសង្គ្រាមនៅអ៊ីរ៉ង់បានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពល។ ក្នុងនាមជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានឆ្នាំនេះ ប្រទេសហ្វីលីពីនបានជំរុញឱ្យមានការអនុម័តជាបន្ទាន់នូវកិច្ចព្រមព្រៀងក្របខណ្ឌចែករំលែកប្រេងក្នុងតំបន់ ដើម្បីជួយសម្រាលបន្ទុកដល់ប្រទេសសមាជិក។

រដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីន លោកស្រី ម៉ា. ថេរ៉េសា ឡាសារ៉ូ (Ma. Theresa Lazaro) បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវពង្រឹងការសម្របសម្រួល និងការត្រៀមលក្ខណៈឱ្យបានខ្ពស់ក្នុងការដោះស្រាយវិបត្តិ។ លោកស្រីបានបន្ថែមថា វិបត្តិនៅមជ្ឈិមបូព៌ាបានរំលឹកឱ្យឃើញថា ព្រឹត្តិការណ៍ដែលកើតឡើងនៅក្រៅតំបន់ អាចមានឥទ្ធិពលយ៉ាងខ្លាំង និងឆាប់រហ័សមកលើប្លុកអាស៊ានទាំងមូល៕​