អាមេរិកដាក់ទណ្ឌកម្មលើអនុរដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ ជុំវិញការផ្ដល់ការគាំទ្រដល់អ៊ីរ៉ង់ (Video inside)

07-05-2026 23:05

(វ៉ាស៊ីនតោន)៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នាថ្ងៃព្រហស្បតិ៍នេះ បានសម្រេចដាក់ទណ្ឌកម្មលើអនុរដ្ឋមន្ត្រីប្រេងរបស់ប្រទេសអ៊ីរ៉ាក់ និងក្រុមសកម្មប្រយុទ្ធមួយចំនួន ក្រោមបទចោទប្រកាន់ថាបានផ្ដល់ការគាំទ្រដល់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អាមេរិកបានចោទប្រកាន់អនុរដ្ឋមន្ត្រីប្រេងអ៊ីរ៉ាក់ លោក អាលី ម៉ារីច អាល់-បាហាដលី (Ali Maarij Al-Bahadly) ថាបានប្រើប្រាស់អំណាចតួនាទីរបស់ខ្លួន ដើម្បីជួយសម្រួលដល់ការលក់ប្រេងខុសច្បាប់ ដើម្បីផ្ដល់ផលប្រយោជន៍ដល់របបដឹកនាំអ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធស្របច្បាប់នៅក្នុងប្រទេសអ៊ីរ៉ាក់។ ក្រៅពីមន្ត្រីរូបនេះ មេដឹកនាំជាន់ខ្ពស់ចំនួន ៣រូប នៃក្រុមសកម្មប្រយុទ្ធដែលស្និទ្ធនឹងអ៊ីរ៉ង់ ក៏ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅផងដែរ។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កត បេសិន (Scott Bessent) បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា «យើងមិនអាចឈរមើលអ៊ីរ៉ង់កេងប្រវ័ញ្ចប្រេងរបស់អ៊ីរ៉ាក់ ដើម្បីយកទៅផ្ដល់មូលនិធិឱ្យសកម្មភាពភេរវកម្ម ប្រឆាំងនឹងសហរដ្ឋអាមេរិក និងដៃគូរបស់យើងនោះឡើយ»។ វិធានការទណ្ឌកម្មនេះ នឹងធ្វើការបង្កកទ្រព្យសម្បត្តិទាំងអស់របស់បុគ្គលទាំងនោះនៅក្នុងសហរដ្ឋអាមេរិក និងហាមឃាត់ពលរដ្ឋអាមេរិកមិនឱ្យធ្វើការរកស៊ីជាមួយពួកគេ។

គួរបញ្ជាក់ថា​ ចំណាត់ការដាក់ទណ្ឌកម្មនេះ កើតឡើងស្របពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបោះជំហានឆ្ពោះទៅរកកិច្ចព្រមព្រៀងបណ្ដោះអាសន្នមួយ ដើម្បីបញ្ចប់ការវាយប្រហារគ្នា បើទោះបីជាបញ្ហាចម្រូងចម្រាសធំៗមួយចំនួនទៀត នៅមិនទាន់ត្រូវបានដោះស្រាយចេញក៏ដោយ៕​