សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តតំបន់ឈូងសមុទ្រ ដាក់សម្ពាធឱ្យ UN ថ្កោលទោសអ៉ីរ៉ង់ ជុំវិញវិបត្តិ Hormuz (Video inside)
08-05-2026 10:36
(UN)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់ឈូងសមុទ្របានដាក់សម្ពាធលើអង្គការសហប្រជាជាតិ UN កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ ដើម្បី ថ្កោលទោស និងទាមទារឱ្យអ៉ីរ៉ង់បញ្ចប់ការបិទខ្ទប់មិនឱ្យកប៉ាល់ពាណិជ្ជកម្មធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដំណោះស្រាយមួយលើបញ្ហានេះកំពុងប្រឈមនឹង ការបោះឆ្នោតវេតូ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រភពពីមន្ត្រីការទូតបាននិយាយថារុស្ស៉ីដែលមានសិទ្ធិវេតូ និងជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់អ៉ីរ៉ង់ បានព្រមានកាលពីថ្ងៃពុធថាទីក្រុងមូស្គូបានត្រៀមលក្ខណៈជាស្រេចដើម្បី រាំងខ្ទប់ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខ UN។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោក Mike Waltz កាលពីថ្ងៃព្រហស្បតិ៍ រួមជាមួយសមភាគីរបស់លោកមកពី ប្រទេសបារ៉ែន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា និងកូវ៉ែត បានអះអាងថាវិបត្តិច្រកសមុទ្រ Hormuz បាន និងកំពុងបង្កផលវិបាកជាសកល ហើយសេរីភាព នៃការធ្វើនាវាចរពិតជាមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចពិភពលោកទាំងមូល។
គួរបញ្ជាក់ថា បើតាមសេចក្ដីព្រាងដំណោះស្រាយធ្វើឡើងដោយសហរដ្ឋអាមេរិក និងបារ៉ែន ដែល AFP បានឃើញ បានទាមទារឱ្យអ៉ីរ៉ង់បញ្ឈប់ការវាយប្រហារ និងការគំរាមកំហែងប្រឆាំងនឹងកប៉ាល់ពាណិជ្ជកម្មនៅក្នុងតំបន់ច្រកសមុទ្រ Hormuz។ ដំណោះស្រាយនេះក៏បានទាមទារផងដែរឱ្យអ៉ីរ៉ង់បញ្ឈប់ការយកថ្លៃសេវាឆ្លងកាត់ ច្រកសមុទ្រ Hormuz បញ្ជាក់លម្អិតពីទីតាំងមានមីនសមុទ្រ និងអនុញ្ញាតការបង្កើតច្រករបៀងមនុស្សធម៌មួយសម្រាប់ការដឹកជញ្ជូនជីកសិកម្ម នៅចំពោះមុខការព្រួយបារម្ភ ពីការខ្វះខាតស្បៀងអាហារជាសកល៕







