ម៉ាឡេស៉ី ស្វែងរកការបំភ្លឺពីន័រវែស ជុំវិញបញ្ហាផ្អាកការផ្គត់ផ្គង់មីស៉ីល (Video inside)

08-05-2026 11:11

(គូឡាឡាំពួរ)៖ ម៉ាឡេស៉ី កំពុងស្វែងរកការពិភាក្សាជាមួយន័រវែស ជុំវិញការផ្លាស់ប្តូរគោលជំហរពីទីក្រុងអូស្លូ នៅក្នុងការអនុម័តនាំចេញសម្ភារៈការពារជាតិ និងដែលបានធ្វើឱ្យការផ្គត់ផ្គង់មីស៉ីលរបស់ន័រវែសមកកាន់ម៉ាឡេស៉ី ត្រូវផ្អាក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦។

រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៉ី លោក Mohamed Khaled Nordin បានអះអាងថា ក្រសួងមាន​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ការពារជាតិ​ន័រវែស Kongsberg Defence & Aerospace AS លើការ​ផ្គត់ផ្គង់​ NSM ដែលជាមីស៉ីល​វាយប្រហាររយៈចម្ងាយឆ្ងាយ អាចបាញ់ចេញពីនាវា និងដីគោក ដែល​នឹងត្រូវ​​ប្រើ​ដើម្បី​បំពាក់​ដល់នាវា​ប្រយុទ្ធ​តាម​ឆ្នេរសមុទ្រ​របស់ម៉ាឡេស៉ី។ លោក Khaled បញ្ជាក់ថា ក្រសួង​នឹងស្វែងរកការបំភ្លឺបន្ថែម ហើយពិភាក្សាពីជំហានសមស្របដើម្បីការពារផលប្រយោជន៍ជាតិ។

ការអត្ថាធិប្បាយនេះ កើតមានឡើងបន្ទាប់ពីក្រសួងការពារជាតិម៉ាឡេស៉ី ជូនដំណឹងថា ន័រវែសបានផ្អាកការចែកចាយមីស៉ីលមកកាន់ម៉ាឡេស៉ី តែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនដល់ពេលប្រគល់។ ស្ថានទូតន័រវែសប្រចាំទីក្រុងគូឡាឡាំពួរ និងក្រុមហ៊ុន Kongsberg Defence & Aerospace AS មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕