អាជ្ញាធរសុខាភិបាលថៃ ណែឱ្យប្រជាជនរស់តាមដងទន្លេ Salwaeen ក្នុងខេត្ត Mae Hong Son ផ្អាកបរិភោគខ្យងខ្ចៅនៅតំបន់នោះ ក្រោយធ្វើតេស្តឃើញផ្ទុកសារធាតុលោហៈលើសកម្រិត (Video inside)
08-05-2026 13:49
(បាងកក)៖ ក្រសួងសុខាភិបាលនៅប្រទេសថៃ កំពុងណែនាំឱ្យប្រជាជនរស់នៅក្បែរដងទន្លេ Salween ក្នុងខេត្ត Mae Hong Song ចៀសវាងជាបណ្តោះអាសន្ន នូវការបរិភោគសត្វខ្យង ខ្ចៅ គ្រំ និងលាស ជាដើម បន្ទាប់ពីមានការរកឃើញ វត្តមានសារធាតុអាសេនិចនិងសំណខ្ពស់ លើសពីកម្រិតស្តង់ដាសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation នាថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦។
រដ្ឋមន្រ្តីសុខាភិបាលថៃ លោក Pattana Promphat បាននិយាយថា ក្រសួងកំពុងណែនាំឱ្យប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដីសណ្តរនៃដងទន្លេ Salween ក្នុងខេត្ត Mae Hong Son ភាគខាងជើងប្រទេស រួមទាំងតំបន់ក្បែរៗនោះ ផ្អាកបរិភោគពពួកសត្វដូចខាងលើជាបណ្តោះអាសន្ន ក្រោយការវិភាគពីមន្ទីរពិសោធន៍ រកឃើញមានការបំពុលសារធាតុលោហៈខ្ពស់ខ្លាំង។ បើតាមលោក Pattana ការធ្វើតេស្តរកឃើញ សារធាតុអាសេនិចនិងសំណនៅក្នុងពពួកសត្វទាំងនោះ ដែលយកចេញមកពីប្រភពទឹកធម្មជាតិនៅក្នុងតំបន់ មានកម្រិតខ្ពស់លើសការកំណត់នៃស្តង់ដាសុវត្ថិភាព។
គួរបញ្ជាក់ថា ការរកឃើញដូចខាងលើ គឺស្របគ្នាជាមួយលទ្ធផលធ្វើតេស្តគុណភាពទឹក នៅទីតាំងមួយចំនួននៃដងទន្លេ Salween ជាទីដែលសារធាតុអាសេនិច ត្រូវបានរកឃើញមានកម្រិតខ្ពស់លើសពីស្តង់ដា។ គោលការណ៍របស់ WHO កំណត់ថា កម្រិតអាសេនិចអតិបរមានៅក្នុងទឹកត្រឹម០,០១មីលីក្រាមក្នុងមួយលីត្រ ជាកម្រិតដែលត្រូវបានចាត់ទុកមិនបង្កហានិភ័យសុខភាព ពីការទទួលទានរយៈពេលវែងនោះទេ។ យ៉ាងណាមិញ កម្រិតអាសេនិចរកឃើញនៅប្រភពទឹកធម្មជាតិមួយចំនួន តាមបណ្តោយទន្លេ Salween គឺលើសពីកម្រិតនេះ ដែលអាចនាំសារធាតុនោះប្រមូលផ្តុំច្រើននៅក្នុងខ្លួនសត្វរស់ក្នុងទឹក ជាពិសេសពពួកសត្វដូចជា ខ្ចៅ ខ្យង គ្រំ និងលាស ដែលរស់នៅក្រោមបាតទន្លេ៕








