លោក ត្រាំ ពន្យារពេលដំឡើងពន្ធលើ EU បន្ទាប់ពីបានជជែកជាមួយប្រធានគណៈកម្មការអឺរ៉ុប (Video inside)

08-05-2026 15:55

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចទុកពេលឱ្យសហភាពអឺរ៉ុប (EU) ដល់ថ្ងៃទី៤ ខែកក្កដា ដើម្បីអនុវត្តឱ្យបានតាមកិច្ចព្រមព្រៀងពាណិជ្ជកម្ម មុនពេលដំឡើងពន្ធខ្ពស់លើទំនិញ EU រួមទាំងរថយន្ត អំឡុងពេលជជែកទូរស័ព្ទ ជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ Reuters នាថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦។

តាមសារលើបណ្តាញសង្គម Truth Social លោក ត្រាំ បញ្ជាក់ថា «ការសន្យាមួយត្រូវបានធ្វើឡើង។ EU នឹងអនុវត្តឱ្យបានតាមកិច្ចព្រមព្រៀង ហើយយើងនឹងទម្លាក់ពន្ធមកនៅត្រឹមសូន្យ។ ខ្ញុំបានយល់ព្រមផ្តល់ពេល រហូតដល់ថ្ងៃខួបឯករាជ្យគម្រប់ ២៥០ឆ្នាំនៃប្រទេសយើង ពុំនោះទេពន្ធគយរបស់ពួកគេ នឹងលោតឡើងដល់កម្រិតខ្ពស់ជាងមុនភ្លាមៗ»

លោកស្រី Von der Leyen ក៏បានឱ្យដឹងដែរថា «លោក ត្រាំ ពន្យារពេលដំឡើងពន្ធលើ EU បន្ទាប់ពីបានជជែកជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រីបានពិភាក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយលោក ត្រាំ ដោយ EU នៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ចំពោះការអនុវត្តកិច្ចព្រមព្រៀង។ លោកស្រីបន្ថែមថា វឌ្ឍនភាពល្អកំពុងត្រូវបានធ្វើឡើង ឆ្ពោះទៅរកការកាត់បន្ថយពន្ធ នាដើមខែកក្កដា»

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលសម្រេចបានកាលពីខែកក្កដា ឆ្នាំមុន រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានអំពាវនាវឱ្យ EU ទម្លាក់ពន្ធលើទំនិញឧស្សាហកម្មអាមេរិក ឱ្យដល់កម្រិតសូន្យ និងផ្តល់កូតាមិនជាប់ពន្ធលើផលិតផលកសិកម្ម រួមទាំងអាហារសមុទ្ររបស់អាមេរិកមួយចំនួនទៀត។ ប៉ុន្តែច្បាប់អនុវត្តមានភាពយឺតយ៉ាវ ពេលត្រូវឆ្លងកាត់ការយល់ព្រមសភាអឺរ៉ុប។

កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រកាសថា អាមេរិកនឹងដំឡើងពន្ធលើរថយន្តនាំចូលពី EU ដែលពីមុន មានតែ ១៥ភាគរយ ឱ្យឡើងដល់ ២៥ភាគរយ ដោយសារ EU មិន​គោរព​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង៕