អ៊ុយក្រែនប្រកាសពីកង្វះខាតគ្រាប់មីស៊ីលការពារដែនអាកាស ខណៈត្រៀមទប់ទល់ការវាយប្រហារបន្តបន្ទាប់

08-05-2026 21:56

(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន នាថ្ងៃសុក្រនេះបានប្រកាសថា ខ្លួនកំពុងជួបប្រទះបញ្ហាកង្វះខាតគ្រាប់មីស៊ីលការពារដែនអាកាសយ៉ាងខ្លាំង បន្ទាប់ពីយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីក្នុងរដូវរងាកន្លងទៅ ខណៈដែលទីក្រុងកៀវ កំពុងត្រៀមលក្ខណៈទប់ទល់នឹងរលកនៃការវាយប្រហារបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន លោក យូរី អ៊ីណាត (Yuriy Ihnat) ត្រូវបានទីភ្នាក់ងារសារព័ត៌មាន Ukrinform ដកស្រង់សម្តីយ៉ាងដូច្នេះថា «បច្ចុប្បន្ន ប្រព័ន្ធបាញ់បង្ហោះដែលប្រចាំការនៅតាម:កងអង្គភាព និងកងកាំភ្លើងធំមួយចំនួន គឺនៅសល់គ្រាប់មីស៊ីលតិចតួចបំផុត»។ ទោះបីជាអ៊ុយក្រែនមានបច្ចេកវិទ្យាក្នុងស្រុក ដូចជាដ្រូនស្ទាក់ចាប់ និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក ដើម្បីកម្ទេចដ្រូនរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ីក៏ដោយ ប៉ុន្តែសម្រាប់កិច្ចការស្ទាក់ចាប់មីស៊ីល អ៊ុយក្រែននៅតែពឹងផ្អែកស្ទើរតែទាំងស្រុងទៅលើប្រព័ន្ធការពារដែនអាកាសបរទេស។

ការខ្វះខាតនេះកើតឡើងចំពេលដែលអ៊ុយក្រែនតែងតែប្រឈមនឹងការពន្យារពេល និងការរអាក់រអួលក្នុងការផ្គត់ផ្គង់ពីសម្ព័ន្ធមិត្តក្នុងរយៈពេលជាង ៤ឆ្នាំនៃសង្គ្រាម។ ស្ថានភាពកាន់តែតានតឹងឡើង ដោយសារតែប្រព័ន្ធការពារដែនអាកាសរបស់សម្ព័ន្ធមិត្ត ក៏កំពុងត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅក្នុងសង្គ្រាមរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ផងដែរ។ លោក អ៊ីណាត បានបន្ថែមថា ដោយសារបញ្ហាផ្គត់ផ្គង់នេះ អ៊ុយក្រែនត្រូវបង្ខំចិត្តសុំជំនួយមីស៊ីលពីសម្ព័ន្ធមិត្តម្តងត្រឹមតែ ៥ ទៅ ១០គ្រាប់ប៉ុណ្ណោះ សម្រាប់ប្រព័ន្ធការពារដូចជា NASAMS និង IRIS-T៕​