មីយ៉ាន់ម៉ា ប្រកាសពីការរកឃើញត្បូងទទឹមដ៏ធំមួយទម្ងន់ ១១០០០ការ៉ាត់ (Video inside)

09-05-2026 10:57

(ណៃពិដោ)៖ កាលពីថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅប្រទេសមីយ៉ាន់ម៉ា បានប្រកាសពីការរកឃើញត្បូងទទឹមដ៏ធំសម្បើមមួយ មានទម្ងន់ ១១ ០០០ការ៉ាត់។

ក្នុងរូបភាពនៅទំព័រមុខរបស់សារព័ត៌មានមីយ៉ាន់ម៉ា Global New Light of Myanmar ប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing ត្រូវបានមើល​ឃើញ ឈរពិនិត្យដុំត្បូងដែលមានទម្ងន់២,២គីឡូក្រាមនោះ នៅក្នុងការិយាល័យរបស់លោក។ ត្បូងទទឹមខាងលើ ត្រូវបានរកឃើញនៅតំបន់ Mogok។ បើតាមសេចក្តីថ្លែងការណ៍រដ្ឋាភិបាលមីយ៉ាន់ម៉ា ស្របពេលដែល​វាមានទំហំតូចជាង ត្បូងស្រដៀងគ្នាទម្ងន់២១ ៤៥០ការ៉ាត់ ដែលរកឃើញនៅទីតាំងដដែល កាលពីឆ្នាំ១៩៩៥ ត្បូងដែលទើបរកឃើញថ្មីនេះ គឺមានតម្លៃជាងដោយសារកម្រិតគុណភាពរបស់វា ប៉ុន្តែមិនបានប​ញ្ជាក់តម្លៃច្បាស់ៗទេ។

ជាយូរណាស់មកហើយ អធិរាជ ស្តេច និងស្តេចត្រាញ់ ធ្លាប់បានប្រយុទ្ធគ្នាដើម្បីដណ្តើមគ្រប់គ្រងជ្រលង Mogok នៃតំបន់ Mandalay ប្រទេសមីយ៉ាន់ម៉ាសព្វថ្ងៃ ជាទីដែលបង្កប់ទៅដោយត្បូងគេហៅថា ត្បូងទទឹមឈាមព្រាបពណ៌ក្រហមឆ្អិនឆ្អៅ។ ត្បូងទទឹមនៅតំបន់ Mogok គឺជាទូទៅមានតម្លៃថ្លៃជាងគេបង្អស់នៅលើពិភពលោក ដោយត្បូងគុណភាពខ្ពស់ៗបំផុត ទទួលបានតម្លៃរហូតដល់រាប់លានដុល្លារ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគ្រប់គ្រងដោយរបបយោធា ចាប់តាំងពីមានរដ្ឋប្រហារកាលពីឆ្នាំ២០២១ ដែលបានបង្កឱ្យផ្ទុះជាសង្រ្គាមស៉ីវិលមកទល់​បច្ចុប្បន្ន ប៉ុន្តែអតីតប្រមុខយោធា លោក Min Aung Hlaing បានស្បថចូលកាន់តំណែងជាប្រធានាធិបតីស៉ីវិល កាលពីខែមុន ក្រោយការបោះឆ្នោតសកលតឹងរ៉ឹងមួយ ដែលគណបក្សគាំទ្រដោយយោធា ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី៕