មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាទំនាក់ទំនងជាមួយរុស្ស៉ីគឺជាអាទិភាពចម្បង ក្នុងសារអបអរទិវាជ័យជម្នះផ្ញើទៅកាន់លោក ពូទីន (Video inside)

09-05-2026 13:41

(ព្យុងយ៉ាង)៖ នាថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានគូសបញ្ជាក់ថាជាថ្មីនូវការប្តេជ្ញារបស់ប្រទេសលោក ចំពោះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយប្រទេសរុស្ស៉ី ក្នុងសារផ្ញើទៅកាន់ប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន នាឱកាសអបអរខួបទិវាជ័យជម្នះរបស់រុស្ស៉ី កាលពីសម័យសង្រ្គាមលោកលើកទី២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសកូរ៉េខាងជើង KCNA បានរាយការណ៍ថា លោក គីម បានគូសបញ្ជាក់ឡើងវិញអំពីគោលជំហររបស់កូរ៉េខាងជើង ក្នុងការផ្តល់អាទិភាពចម្បង ចំពោះភាពជាដៃគូរបស់ខ្លួនជាមួយរុស្ស៉ី និងការប្តេជ្ញាអនុវត្ត​កាតព្វកិច្ចនៃសន្ធិសញ្ញាការពារជាតិរវាងប្រទេសទាំងពីរ។ កាលពីឆ្នាំ២០២៤ កូរ៉េខាងជើងនិងរុស្ស៉ី បានចុះសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អំឡុងទស្សនកិច្ចរបស់លោក ពូទីន មកកាន់ទីក្រុងព្យុងយ៉ាង។ ក្នុងសន្ធិសញ្ញានោះ រួមមានទាំងលក្ខខណ្ឌព្រមព្រៀងជួយការពារគ្នាទៅវិញទៅមក ក្នុងករណីភាគីម្ខាងរងការវាយប្រហារប្រដាប់អាវុធពីប្រទេសដទៃ។

កន្លងមក កូរ៉េខាងជើងបានបញ្ជូនកងទ័ពសរុបប្រហែល ១៤ ០០០នាក់ ទៅជួយរុស្ស៉ីប្រយុទ្ធនៅតំបន់ Kursk អំឡុងសង្រ្គាមអ៊ុយក្រែន។ ក្រុមមន្រ្តីកូរ៉េខាងត្បូង អ៊ុយក្រែន និងលោកខាងលិច បានប៉ាន់ប្រមាណថា កងទ័ពកូរ៉េខាងជើងទាំងនោះ បានទទួលរងការបាត់បង់ធ្ងន់ធ្ងរ ដោយទាហានជាង៦០០០នាក់ ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នា។

គួរបញ្ជាក់ថា នាថ្ងៃសៅរ៍នេះ រុស្ស៉ីប្រារព្ធពិធីព្យុហយាត្រាយោធាទិវាជ័យជម្នះ ដែលមានលក្ខណៈមិនសូវអធិកអធមដូចឆ្នាំមុនៗទេ ដោយសារតែបារម្ភខ្លាចមានការវាយប្រហារពីអ៊ុយក្រែន។ កាលពីថ្ងៃសុក្រ រុស្ស៉ីនិងអ៊ុយក្រែន បានទទួលស្គាល់ថា ភាគីទាំងពីរបានព្រមព្រៀងឈប់បាញ់រយៈពេល៣ថ្ងៃ ក្រោយមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ បទឈប់បាញ់នោះ គឺគិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា៕