រុស្ស៉ីចាប់ផ្តើមពិធីព្យុហយាត្រាយោធាទិវាជ័យជម្នះសង្រ្គាមលោក ដោយគ្មានការបង្ហាញសព្វាវុធជាលើកដំបូង ក្នុងរយៈពេលជិត២ទសវត្សរ៍ (Video inside)
09-05-2026 15:28
(មូស្គូ)៖ នាថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ រុស្ស៉ីបានចាប់ផ្តើមការប្រារព្ធពិធីព្យុហយាត្រាយោធាទិវាជ័យជម្នះ នៅឯទីលានក្រហម ដោយព្រឹត្តិការណ៍នេះ មានលក្ខណៈមិនសូវអធិកអធមដូចរាល់ដងឡើយ ចំពោះមុខក្តីបារម្ភផ្នែកសន្តិសុខ និងសញ្ញានៃភាពហត់នឿយជុំវិញសង្រ្គាមអូសបន្លាយជាង៤ឆ្នាំនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
ព្យុហយាត្រាយោធាខាងលើ បានចាប់ផ្តើមប្រព្រឹត្តកាលពីម៉ោង១០ព្រឹក ម៉ោងនៅទីក្រុងមូស្គូ ជាមួយការដើរក្បួនរបស់កងទ័ពមានកាន់ទង់ជាតិរុស្ស៉ី ចូលទៅកាន់ទីលានក្រហម។ ក្នុងកិច្ចចាប់ផ្តើមនោះ រដ្ឋមន្រ្តីការពារជាតិរុស្ស៉ី លោក Andrei Belousov បានអបអរសាទរពលទាហាន ក្នុងនោះរួមមានទាហានខ្លះដែលមកពីកងទ័ពកូរ៉េខាងជើង។ ក្នុងសង្រ្គាមអ៊ុយក្រែន កូរ៉េខាងជើងបានបញ្ជូនកងទ័ពជាច្រើននាក់ ឱ្យមកជួយរុស្ស៉ីប្រយុទ្ធតទល់ជាមួយអ៊ុយក្រែន។
គួរបញ្ជាក់ថា ពិធីព្យុហយាត្រាយោធាឆ្នាំនេះ គឺជាលើកដំបូងបំផុត ក្នុងអំឡុងពេលជិត២ទសវត្សរ៍ ដែលមិនមានការបង្ហាញសព្វាវុធរបស់រុស្ស៉ី បន្ទាប់ពីរដ្ឋធានីមូស្គូ បានស្ថិតក្រោមគោលដៅវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន មួយរយៈចុងក្រោយនេះ។ ក្រោយមានការសម្របសម្រួលពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រុស្ស៉ីនិងអ៊ុយក្រែនបានព្រមព្រៀងអនុបទបទឈប់បាញ់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃសៅរ៍នេះ និងដោះដូរអ្នកឈ្លើយសឹកគ្នាចំនួន១០០០នាក់។ លោក ត្រាំ បានបង្ហាញក្តីសង្ឃឹមថា លោកចង់ឃើញបទឈប់បាញ់បន្តសុពលភាពយូរថែមទៀត៕














