សង្រ្គាមអាមេរិកនិងអ៉ីរ៉ង់ ហាក់បន្តស្ថិតនៅឆ្ងាយពីទីបញ្ចប់ ស្របពេលមានការវាយប្រហារគ្នាឡើងវិញខ្លះៗ (Video inside)
09-05-2026 17:05
(មជ្ឈិមបូព៌ា)៖ មកដល់ថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ សហរដ្ឋអាមេរិកនិងអ៉ីរ៉ង់ ហាក់ដូចជាស្ថិតនៅឆ្ងាយនៅឡើយ ពីការបិទបញ្ចប់សង្រ្គាមរបស់ពួកគេ បន្ទាប់ពីភាគីទាំងពីរបានវាយប្រហារគ្នាទៅវិញទៅមក ចំពោះមុខបទឈប់បាញ់ដ៏ផុយស្រួយ និងស្របពេលដែលការវិភាគមួយរបស់ចារកម្មអាមេរិក បានសន្និដ្ឋានថា ទីក្រុងតេហេរ៉ង់អាចទប់ទល់ការបិទខ្ទប់កំពង់ផែដោយទីក្រុងវ៉ាស៉ីនតោន បានរយៈពេលច្រើនខែទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសប្តាហ៍នេះ គេមើលឃើញមានភាពក្រញ្ជោលឡើងវិញគួរកត់សម្គាល់ នៃការប្រយុទ្ធគ្នានៅម្តុំតំបន់ច្រកសមុទ្រ Hormuz គិតចាប់តាំងពីបទឈប់បាញ់ បានចូលជាធរមានកាលពីមួយខែមុន ហើយកាលពីថ្ងៃសុក្រ អេមីរ៉ាតអារ៉ាប់រួម បានស្ថិតក្រោមការវាយប្រហារជាថ្មី។ ទីក្រុងវ៉ាស៉ីនតោន បាននិងកំពុងរង់ចាំចម្លើយរបស់ទីក្រុងតេហេរ៉ង់ ចំពោះសំណើរបស់អាមេរិក ដែលនឹងបិទបញ្ចប់សង្រ្គាមជាផ្លូវការ មុនឈានដល់កិច្ចចរចាស្តីពីបញ្ហាដែលចម្រូងចម្រាសខ្លាំង ដូចជារឿងកម្មវិធីនុយក្លេអ៊ែរអ៉ីរ៉ង់។ ថ្លែងនៅទីក្រុងរ៉ូមកាលពីថ្ងៃសុក្រ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា សហរដ្ឋអាមេរិករំពឹងថា នឹងទទួលបានការឆ្លើយតបក្នុងថ្ងៃនោះ ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសអ៉ីរ៉ង់ បាននិយាយថា ទីក្រុងតេហេរ៉ង់នៅពិចារណាលើការឆ្លើយតបនៅឡើយ។
ការវាយប្រហារគ្នាមួយៗ បានបន្តមកដល់ថ្ងៃសុក្រ រវាងកងកម្លាំងអ៉ីរ៉ង់និងកងនាវាអាមេរិក នៅក្នុងតំបន់ច្រកសមុទ្រ Hormuz។ ប្រភពពីយោធាអ៉ីរ៉ង់ បានអះអាងថា ពេលនេះស្ថានការណ៍បានស្ងប់ស្ងាត់ទៅវិញហើយ ប៉ុន្តែព្រមានថា ការប៉ះទង្គិចគ្នាថែមទៀត ក៏អាចទៅរួចដែរ។ យោធាអាមេរិក បាននិយាយថា ខ្លួនបានវាយប្រហារកប៉ាល់២គ្រឿង ដែលព្យាយាមចូលទៅកំពង់ផែរបស់អ៉ីរ៉ង់ ហើយបង្ខំឱ្យត្រឡប់ចេញទៅវិញ។
ទីក្រុងតេហេរ៉ង់ បានបិទខ្ទប់ច្រកសមុទ្រ Hormuz ចាប់តាំងពីអាមេរិកនិងអ៉ីស្រាអែល បានបង្កសង្រ្គាមប្រឆាំងប្រទេសរបស់ខ្លួន កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ មុនពេលមានសង្រ្គាម ប្រេងនិងឧស្ម័ន២០ភាគរយរបស់ពិភពលោក គឺត្រូវបានដឹកជញ្ជូនតាមច្រកផ្លូវទឹកមួយនេះ។ ជាការឆ្លើយតប យោធាអាមេរិក បានបិទខ្ទប់កប៉ាល់នានា ដែលមានគោលដៅចេញ-ចូលកំពង់ផែរបស់អ៉ីរ៉ង់ កាលពីខែមុន។ យ៉ាងណាមិញ ការវាយតម្លៃមួយរបស់ចារកម្មអាមេរិក CIA បានបង្ហាញថា អ៉ីរ៉ង់នឹងមិនរងសម្ពាធសេដ្ឋកិច្ចធ្ងន់ធ្ងរទេពីការបិទខ្ទប់ ដោយអាចទ្រាំទ្របានយ៉ាងហោច៤ខែទៀត។
ការប៉ះទង្គិចគ្នាឡើងវិញ បានពង្រីកហួសពីច្រកសមុទ្រ Hormuz ទៅទៀត ដោយប្រទេសអេមីរ៉ាតអារ៉ាប់រួម បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានទប់ទល់ជាមួយមីស៉ីលបាលិស្ទីគ២គ្រាប់ និងយន្តហោះដ្រូន៣គ្រឿង ដែលហោះមកពីអ៉ីរ៉ង់កាលពីថ្ងៃសុក្រ ហើយមនុស្ស៣នាក់បានរងរបួស។ ក្រោយសង្រ្គាមផ្ទុះឡើង អ៉ីរ៉ង់បានផ្តោតវាយប្រហារលើអេមីរ៉ាតអារ៉ាប់រួម និងរដ្ឋឈូងសមុទ្រអារ៉ាប់ដទៃទៀត ដែលមានមូលដ្ឋានទ័ពអាមេរិក។ អ៉ីរ៉ង់បានបង្កើនការវាយប្រហារឡើងវិញក្នុងសប្តាហ៍នេះ ឆ្លើយតបសេចក្តីប្រកាសរបស់លោក ត្រាំ ស្តីពីប្រតិបត្តិការហៅថា Project Freedom ដើម្បីរំដោះកប៉ាល់នានា ដែលជាប់គាំងនៅច្រកសមុទ្រ Hormuz ប៉ុន្តែលោកបានសម្រេចផ្អាកវាវិញ ក្រោយពេល៤៨ម៉ោង។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ លោកប្រធានាធិបតីអាមេរិក បានអះអាងថា បទឈប់បាញ់ដែលប្រកាសដំបូង កាលពីថ្ងៃទី៧ ខែមេសា នៅមានសុពលភាពដដែល ទោះមានការប៉ះទង្គិចគ្នាឡើងវិញខ្លះៗក៏ដោយ ខណៈខាងអ៉ីរ៉ង់បានចោទថា អាមេរិកបានបំពានបទឈប់បាញ់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ បានរាយការណ៍ថា នាវិកម្នាក់បានស្លាប់ ១០នាក់រងរបួស និង៦នាក់បាត់ខ្លួន ក្រោយកងទ័ពជើងទឹកអាមេរិក បានវាយប្រហារកប៉ាល់ពាណិជ្ជកម្មអ៉ីរ៉ង់ ១គ្រឿង កាលពីយប់ថ្ងៃព្រហស្បតិ៍៕







