លោក ពូទីន ថ្លែងសារ ៨នាទី ក្នុងទិវាជ័យជម្នះសង្រ្គាមលោក
09-05-2026 20:18
(មូស្គូ)៖ ទាហានរុស្ស៉ី ដែលអ្នកខ្លះបានប្រយុទ្ធនៅអ៊ុយក្រែន បានដើរក្បួនព្យុហយាត្រា អបអរសាទរទិវាជ័យជម្នះសង្រ្គាមលោក នាថ្ងៃសៅរ៍ ទី៩ ខែឧសភា ឆ្នាំ២០២៦ ដោយប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន អង្គុយ ក្បែរ អតីតយុទ្ធជនរុស្ស៉ី សម្លឹងមេីលពីលេីទីលានក្រហម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters
ទាហានកូរ៉េខាងជើងដែលមកជួយធ្វេីសង្រ្គាមជាមួយអ៊ុយក្រែននៅតំបន់ Kursk ក៏បានចូលរួមដើរដង្ហែក្បួននោះដែរ។ យន្តហោះចម្បាំងរុស្ស៉ីហោះឆ្វែលពីលើប៉មនៃវិមានក្រឹមឡាំង ហើយលោក ពូទីន បានថ្លែងសុន្ទរកថារយៈពេល ៨នាទី ដោយសន្យាថានឹងយកជ័យជម្នះក្នុងសង្គ្រាមដែលរុស្ស៉ីហៅថាប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ឱ្យបាន។
លោក ពូទីន ថ្លែងថា «ស្នាដៃដ៏អស្ចារ្យនៃជំនាន់ដែលមានជ័យជម្នះ បានជំរុញទឹកចិត្តទាហានដែលបំពេញភារកិច្ចក្នុងប្រតិបត្តិការយោធាពិសេសសព្វថ្ងៃ។ ពួកគេប្រឈមមុខនឹងកម្លាំងប្រដាប់ដោយអាវុធ និងគាំទ្រដោយប្លុក NATO ទាំងមូល ហើយទោះបីបែប វីរបុរសរបស់យើងនៅតែដើរទៅមុខ»។
គួរបញ្ជាក់ថា ព្យុហយាត្រា ៩ ឧសភា គឺថ្ងៃឈប់សម្រាកបុណ្យជាតិដែលគួរឱ្យគោរពបំផុតរបស់រុស្ស៉ី ដើម្បីអបអរសាទរជ័យជម្នះរបស់សហភាពសូវៀតលើពួកណាស៉ីអាល្លឺម៉ង់ និងដើម្បីគោរពដល់ពលរដ្ឋសូវៀត ២៧លាននាក់ រួមទាំងមនុស្សជាច្រើនមកពីអ៊ុយក្រែនដែលបានបាត់បង់ជីវិត។
សន្តិសុខត្រូវបានរឹតបន្តឹងនៅទីក្រុងមូស្គូ។ តាមរូបភាពរបស់ Reuters បង្ហាញឱ្យឃេីញទាហានកាន់កាំភ្លើងឈរលើរថយន្តភីកអាប់ និងតាមដងផ្លូវដែលត្រូវបានបិទជុំវិញកណ្តាលរដ្ឋធានី ដែលបូករួមទាំងតំបន់ជុំវិញមានប្រជាជន ២២លាននាក់៕












