ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ គំរាមវាយប្រហារទីតាំងយោធាអាមេរិកទូទាំងមជ្ឈិមបូព៌ា ខណៈលោក ត្រាំ រង់ចាំចម្លើយជុំវិញកិច្ចព្រមព្រៀងសន្តិភាព

10-05-2026 14:11

(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគំរាមថានឹងបើកការវាយប្រហារលើទីតាំងយោធារបស់សហរដ្ឋអាមេរិក នៅទូទាំងតំបន់មជ្ឈិមបូព៌ា ប្រសិនបើកប៉ាល់ដឹកប្រេងរបស់ខ្លួន រងការវាយប្រហារជាថ្មីណាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

តាមរយៈការដកស្រង់ចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានគំរាមថា «ការវាយប្រហារណាមួយលើ កប៉ាល់ដឹកប្រេង និងពាណិជ្ជកម្មរបស់អ៉ីរ៉ង់ នឹងជំរុញឱ្យមានការវាយប្រហារដ៏ខ្លាំងក្លាលើទីតាំងយោធារបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់មជ្ឈិមបូព៌ា ព្រមទាំងកប៉ាល់ទាំងអស់របស់សត្រូវ»។ ការគំរាមបែបនេះរបស់អ៉ីរ៉ង់ កើតមានឡើង បន្ទាប់ពីយោធាអាមេរិកកាលពីថ្ងៃសុក្រកន្លងទៅបានវាយប្រហារលើកប៉ាល់ដឹកប្រេងអ៉ីរ៉ង់២គ្រឿង ដែលព្យាយាមទម្លុះការបិទខ្ទប់នៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់។

បន្ថែមពីលើនេះ កាលពីថ្ងៃសុក្រផងដែរ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថារូបលោករំពឹងថាអ៉ីរ៉ង់នឹងឆ្លើយតបទៅនឹងសំណើចុងក្រោយបំផុតមួយរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចព្រមព្រៀងសន្តិភាព។ ប៉ុន្តែថាតើអ៉ីរ៉ង់បានបញ្ជូនចម្លើយតបរបស់ខ្លួនតាមរយៈប៉ាគីស្ថាន ឬក៏យ៉ាងណា មិនទាន់មានការទម្លាយឱ្យដឹងនៅឡើយទេ ខណៈរដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Abbas Araghchi ត្រូវបានរាយការណ៍ថាបានចោទសួរពីភាពគួរឱ្យទុកចិត្តបានរបស់មេដឹកនាំអាមេរិក៕