អាល្លឺម៉ង់ស្ដារកិច្ចប្រឹងប្រែងឡើងវិញ ដើម្បីទិញមីស៊ីល Tomahawk ពីសហរដ្ឋអាមេរិក

10-05-2026 16:09

(Reuters)៖ សារព័ត៌មាន Financial Times ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីដែលបានដឹងអំពីយុទ្ធសាស្ត្ររបស់ទីក្រុងបែរឡាំង បានរាយការណ៍ថាអាល្លឺម៉ង់បាន​ប្រឹងប្រែង សាជាថ្មី ដើម្បីទិញមីស៊ីលគ្រូស Tomahawk ពីសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦។

តាម Financial Times ទីក្រុងបែរឡាំងសង្ឃឹមថាអាចនឹងបញ្ចុះបញ្ចូលឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ យល់ព្រមលក់មីស៊ីល Tomahawk រួមជាមួយប្រព័ន្ធមីស៊ីល ​Typhon។ ប៉ុន្តែខាងសេតវិមាន ក្រសួងការពារជាតិអាមេរិក និងក្រសួងការពារជាតិអាល្លឺម៉ង់ ភ្លាមៗមិនទាន់ឆ្លើយតបទៅនឹងការស្នើសុំការអត្ថាធិប្បាយពី Reuters នៅឡើយទេ។

Financial Times ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius មានគម្រោងធ្វើទស្សនកិច្ចមួយទៅកាន់ ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងស្ដារឡើងវិញនូវសំណើរបស់ទីក្រុងបែរឡាំងដើម្បីទិញមីស៊ីលគ្រូស Tomahawk ដែលសំណើបញ្ជាទិញលើកដំបូងត្រូវបានធ្វើឡើងកាលពី ខែកក្កដា ឆ្នាំមុន។

គួរបញ្ជាក់ថា មីស៊ីល Tomahawk ជាមីស៊ីលគ្រូសរយៈចម្ងាយឆ្ងាយដែលជាធម្មតាបាញ់ចេញពីនាវាចម្បាំង។ កាលពីខែកុម្ភៈ មន្ទីរបញ្ចកោណបាននិយាយថាខ្លួនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយមានរយៈពេល៧ឆ្នាំ ជាមួយក្រុមហ៊ុនអាមេរិក Raytheon ដើម្បីបង្កើនការផលិតមីស៊ីល Tomahawk ខណៈស្ដុកមីស៊ីលគ្រូសនេះបានថយចុះ ដោយសារតែសង្រ្គាមជាមួយអ៉ីរ៉ង់៕