មេដឹកនាំកំពូលអ៊ីរ៉ង់ដាក់ចេញ «គោលការណ៍ណែនាំថ្មី» ដល់មេបញ្ជាការយោធា ដើម្បីត្រៀមទប់ទល់សត្រូវ
10-05-2026 18:56
(តេហេរ៉ង់)៖ ប្រធានកងបញ្ជាការរួមនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ បានជួបពិភាក្សាការងារជាមួយមេដឹកនាំកំពូល លោក ម៉ូចតាបា ខាមេណៃ (Mojtaba Khamenei) ដោយទទួលបាននូវ «គោលការណ៍ណែនាំថ្មីៗ សម្រាប់ប្រតិបត្តិការយោធា និងការប្រឈមមុខយ៉ាងម៉ឺងម៉ាត់ជាមួយសត្រូវ»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters យោងតាមបណ្តាញព័ត៌មាន Fars កាលពីថ្ងៃអាទិត្យ។
របាយការណ៍របស់ Fars បានឱ្យដឹងថា លោក អាលី អាប់ដុលឡាហ៊ី (Ali Abdollahi) ដែលជាមេបញ្ជាការនៃទីបញ្ជាការកណ្តាល Khatam al-Anbiya បានធ្វើសេចក្តីរាយការណ៍ជូនលោក ខាមេណៃ អំពីកម្រិតនៃការត្រៀមខ្លួនរួចជាស្រេចរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។ ទោះជាយ៉ាងណា របាយការណ៍នេះមិនបានបញ្ជាក់ពីពេលវេលាជាក់លាក់នៃជំនួបនេះឡើយ។
លោក អាប់ដុលឡាហ៊ី ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថា «កងកម្លាំងប្រដាប់អាវុធបានត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងរាល់សកម្មភាពនានារបស់សត្រូវអាមេរិក-ស៊ីយ៉ូនីស (អ៊ីស្រាអែល)។ ប្រសិនបើសត្រូវហ៊ានធ្វើខុសសូម្បីតែបន្តិច នោះការឆ្លើយតបរបស់អ៊ីរ៉ង់នឹងប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស ធ្ងន់ធ្ងរ និងដាច់អហង្ការបំផុត»៕




