អ៊ីរ៉ង់ប្រកាសថាបានផ្ញើការឆ្លើយតបទៅនឹងសំណើរបស់អាមេរិក ខណៈនាវា ២គ្រឿងឆ្លងកាត់ច្រកសមុទ្រហ័រមូស (Video inside)
10-05-2026 21:40
(វ៉ាស៊ីនតោន)៖ ប្រទេសអ៊ីរ៉ង់បានបញ្ជូនការឆ្លើយតបរបស់ខ្លួនចំពោះសំណើរបស់សហរដ្ឋអាមេរិក ក្នុងការចាប់ផ្តើមកិច្ចចរចាសន្តិភាពដើម្បីបញ្ចប់សង្គ្រាមហើយ ខណៈដែលនាវាដឹកទំនិញចំនួន ២គ្រឿង ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូសដែលកំពុងរងការរាំងខ្ទប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ការឆ្លើយតបទៅនឹងសំណើរបស់អាមេរិក ត្រូវបានបញ្ជូនទៅកាន់ប្រទេសប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល ប៉ុន្តែគេមិនទាន់ដឹងពីខ្លឹមសារលម្អិតនៅឡើយទេ។ ស្ថានការណ៍នេះកើតឡើងស្របពេលដែលមានការរកឃើញដ្រូនមិនស្គាល់អត្តសញ្ញាណ ហោះហើរលើប្រទេសមួយចំនួនក្នុងតំបន់ឈូងសមុទ្រ ដែលបង្ហាញថាការគំរាមកំហែងនៅតែមាន បើទោះបីជាបទឈប់បាញ់មានរយៈពេលមួយខែហើយក្តី។
ទោះជាយ៉ាងណា សញ្ញាណវិជ្ជមានមួយបានលេចឡើង ដោយនាវាដឹកហ្គាស Al Kharaitiyat របស់កាតា បានឆ្លងកាត់ច្រកសមុទ្រហ័រមូសដោយសុវត្ថិភាព ឆ្ពោះទៅកាន់ប៉ាគីស្ថាន ដែលនេះជាការជួយសង្គ្រោះប៉ាគីស្ថានពីវិបត្តិដាច់ភ្លើង និងជាការបង្ហាញទំនុកចិត្តរបស់អ៊ីរ៉ង់ចំពោះប្រទេសអ្នកសម្របសម្រួលទាំងពីរ។ បន្ថែមពីនេះ នាវាដឹកទំនិញប្រើទង់ជាតិប៉ាណាម៉ា មួយគ្រឿងទៀតដែលឆ្ពោះទៅកាន់ប្រទេសប្រេស៊ីល ក៏ត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ផងដែរ តាមរយៈគន្លងផ្លូវដែលកំណត់ដោយយោធាអ៊ីរ៉ង់៕






