អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin ត្រូវបានដោះលែងចេញពីពន្ធនាគារ ប៉ុន្តែតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការសម្រាប់រយៈពេល៤ខែ
11-05-2026 08:49
(បាងកក)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ត្រូវបានដោះលែងចេញពីពន្ធនាគារហើយ នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បន្ទាប់ពីជាប់ឃុំក្នុងពន្ធនាគារ អស់រយៈពេល ៨ខែ ក្រោយតុលាការរកឃើញថា រូបលោកបានប្រព្រឹត្តកំហុសដោយស្នាក់នៅក្នុងមន្ទីរពេទ្យ ដើម្បីគេចវេសការអនុវត្តទោសជាប់ឃុំក្នុងពន្ធនាគារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បន្ទាប់ពីរស់នៅនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេល ១៥ឆ្នាំ លោក Thaksin បានត្រឡប់ចូលប្រទេសថៃវិញកាលពីឆ្នាំ២០២៣ ដើម្បីប្រឈមមុខនឹងការផ្ដន្ទាទោសជាប់ពន្ធនាគារ ៨ឆ្នាំ ពីបទពុករលួយ និងរំលោភអំណាចអំឡុងរូបលោកកាន់តំណែងជានាយករដ្ឋមន្ត្រីពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦។ ទោសនេះត្រូវបានព្រះមហាក្សត្រថៃបន្ធូរបន្ថយមកនៅត្រឹម ១ឆ្នាំ។ ប៉ុន្តែ លោក Thaksin បានចំណាយពេលក្នុងពន្ធនាគារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ និងបានចំណាយពេល ៦ខែនៅក្នុងបន្ទប់ VIP នៃមន្ទីរពេទ្យមួយក្នុងទីក្រុងបាងកក ក្រោមហេតុផលមានបញ្ហាសុខភាព។
កាលខែកញ្ញា ឆ្នាំ២០២៥ តុលាការថៃបានរកឃើញថា ការសម្រាកនៅមន្ទីរពេទ្យរបស់លោក Thaksin ជាទង្វើខុសច្បាប់ ហើយបញ្ជូនរូបលោកទៅត្រឡប់ទៅកាន់ពន្ធនាគារវិញ។ លោក Thaksin មានអាយុ៧៦ឆ្នាំ បានដើរចេញពីពន្ធនាគារនៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦នេះ។
គួរបញ្ជាក់ថា ក្រោយចេញពន្ធនាគារ លោក Thaksin ត្រូវបានតម្រូវឱ្យពាក់ឧបករណ៍អេឡិចត្រូនិកក្រោមការតាមដានរបស់តុលាការ សម្រាប់រយៈពេល៤ខែ នៃការដោះលែងឱ្យនៅក្រៅឃុំ៕




