វិមានក្រឹមឡាំងចោទប្រកាន់​ប្រទេសអាមេនី​ថា បានផ្តល់វេទិកាឱ្យលោក ហ្សេឡេនស្គី ថ្លែងសារប្រឆាំងរុស្ស៊ី (Video inside)

11-05-2026 09:11

(ម៉ូស្គូ)៖ នាថ្ងៃអាទិត្យនេះ រដ្ឋាភិបាលរុស្ស៊ីបានចោទប្រកាន់ប្រទេសអាមេនី (Armenia) ថាបានផ្តល់ឱកាសឱ្យប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រើប្រាស់ទឹកដីរបស់ខ្លួនជាវេទិកា ដើម្បីថ្លែងសារប្រឆាំងនឹងរុស្ស៊ី ដែលនេះជាសញ្ញាណនៃការធ្លាក់ចុះកាន់តែអាក្រក់នៃទំនាក់ទំនងរវាងសម្ព័ន្ធមិត្តប្រពៃណីទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានីយេរេវ៉ាន (Yerevan) កាលពីសប្តាហ៍មុន លោក ហ្សេឡេនស្គី បានលើកឡើងថារុស្ស៊ីកំពុងភ័យខ្លាចការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែន អំឡុងពេលរៀបចំក្បួនព្យុហយាត្រាអបអរទិវាជ័យជម្នះ កាលពីថ្ងៃទី៩ ខែឧសភា។ ជាការឆ្លើយតប ទីក្រុងមូស្គូបានកោះហៅឯកអគ្គរដ្ឋទូតអាមេនីមកតវ៉ាភ្លាមៗ ដោយចាត់ទុកសម្តីរបស់មេដឹកនាំអ៊ុយក្រែនថាជា «ការគំរាមកំហែងភេរវកម្ម»។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានបញ្ជាក់ថា ទង្វើរបស់អាមេនីគឺជារឿងមិនប្រក្រតី ហើយរុស្ស៊ីកំពុងរង់ចាំការបកស្រាយឱ្យបានច្បាស់លាស់។

ភាពតានតឹងនេះបានបន្ថែមទម្ងន់លើការមិនពេញចិត្តរបស់រុស្ស៊ី ចំពោះការដែលអាមេនីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប កាលពីដើមខែ ដែលមានការចូលរួមពីមេដឹកនាំអឺរ៉ុបជាង ៤០រូប រួមទាំងលោក ហ្សេឡេនស្គី ផងដែរ។ រុស្ស៊ីបារម្ភថា អាមេនីកំពុងត្រូវបានអូសទាញឱ្យចូលទៅក្នុងគន្លងប្រឆាំងរុស្ស៊ីរបស់សហភាពអឺរ៉ុប។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេនី បានប្រេះឆាយ៉ាងខ្លាំង ចាប់តាំងពីអាហ្ស៊ែបៃហ្សង់ (Azerbaijan) បានវាយដណ្តើមយកតំបន់ ណាហ្គរណូ-ការ៉ាបាក់ (Nagorno-Karabakh) កាលពីចុងឆ្នាំ២០២៣ បើទោះបីជាមានវត្តមានកងទ័ពរក្សាសន្តិភាពរុស្ស៊ីនៅទីនោះក៏ដោយ៕