លោក ត្រាំ ទាត់ចោលការឆ្លើយតបរបស់អ៉ីរ៉ង់ទៅនឹងសំណើសន្តិភាពរបស់អាមេរិក ចាត់ទុកថាមិនអាចទទួលយកបានទាំងស្រុង (Video inside)
11-05-2026 09:43
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ បានទាត់ចោលការឆ្លើយតបរបស់អ៉ីរ៉ង់ទៅនឹងសំណើមួយរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាសន្តិភាព ដោយចាត់ទុកថាមិនអាចទទួលយកបានទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់កាលពីថ្ងៃអាទិត្យបានឱ្យដឹងថាទីក្រុងតេហេរ៉ង់បានឆ្លើយតបទៅនឹងសំណើមួយរបស់សហរដ្ឋអាមេរិក ជាមួយការផ្តោតលើការបិទបញ្ចប់សង្រ្គាមនៅគ្រប់សមរភូមិទាំងអស់ ជាពិសេសនៅក្នុងប្រទេសលីបង់ និងធានាសុវត្ថិភាពការធ្វើនាវាចរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកំពុងស្ថិតក្រោមការបិទខ្ទប់។ ប៉ុន្តែក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានទាត់ចោលការឆ្លើយតបរបស់អ៉ីរ៉ង់។ «ខ្ញុំទើបតែបានអានចម្លើយតបពីក្រុមអ្នកតំណាងអ៉ីរ៉ង់។ ខ្ញុំមិនពេញចិត្តទាល់តែសោះ និងមិនអាចទទួលយកបានទាំងស្រុង»។ នេះជាការលើកឡើងរបស់លោក ត្រាំ ដោយមិនបានបញ្ជាក់អ្វីលម្អិតទេ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៉ីរ៉ង់ សំណើរបស់អ៉ីរ៉ង់ក្នុងនោះក៏មានរួមបញ្ចូលផងដែរការទាមទារសំណងខូចខាតដោយសារសង្រ្គាម និងគូសបញ្ជាក់ពីអធិបតេយ្យរបស់អ៉ីរ៉ង់ លើច្រកសមុទ្រ Hormuz ព្រមទាំងស្នើឱ្យសហរដ្ឋអាមេរិកបិទបញ្ចប់ការបិទខ្ទប់ ធានាថានឹងមិនមានការវាយប្រហារលើអ៉ីរ៉ង់សាជាថ្មី ដកទណ្ឌកម្មសេដ្ឋកិច្ច និងលុបចោលបម្រាមលើការលក់ ប្រេងរបស់អ៉ីរ៉ង់៕




