តៃវ៉ាន់ជឿជាក់លើទំនាក់ទំនងជាមួយអាមេរិក ប៉ុន្តែសង្ឃឹមថានឹងគ្មានរឿងភ្ញាក់ផ្អើល ចេញពីកិច្ចប្រជុំកំពូលរវាងលោក ត្រាំ និងលោក ស៉ី
11-05-2026 14:33
(តៃប៉ិ)៖ រដ្ឋមន្រ្តីការបរទេសតៃវ៉ាន់ លោក Lin Chia-lung បាននិយាយនៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ថា តៃវ៉ាន់ជឿជាក់ក្នុងការអភិវឌ្ឍដោយស្ថិរភាពនៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ប៉ុន្តែសង្ឃឹមថា នឹងមិនមានរឿងភ្ញាក់ផ្អើលនោះឡើយ ស្តីពីបញ្ហាពាក់ព័ន្ធនឹងដែនកោះនេះ នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បំពេញទស្សនកិច្ចនៅចិន ក្នុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ត្រាំ នឹងស្ថិតនៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃពុធដល់ថ្ងៃសុក្រ ដើម្បីបើកកិច្ចប្រជុំកំពូលជាមួយ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ហើយបញ្ហាពាក់ព័ន្ធតៃវ៉ាន់ ច្បាស់ណាស់ត្រូវបានរំពឹងថា នឹងជាប្រធានបទចម្បងមួយនៃការពិភាក្សា។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅឯសភាតៃវ៉ាន់ក្នុងទីក្រុងតៃប៉ិ លោក Lin បាននិយាយថា រដ្ឋាភិបាលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះគម្រោងជួបត្រាំ-ស៉ី។
លោក Lin បានលើកឡើងយ៉ាងដូច្នេះថា «យើងបានរក្សាការទាក់ទងជាប់ជាមួយសហរដ្ឋអាមេរិក ទាំងតាមរយៈសេចក្តីថ្លែងការណ៍ជាសាធារណៈពីរដ្ឋាភិបាលអាមេរិក ឬតាមរយៈច្រកទំនាក់ទំនងមិនមែនសាធារណៈ។ យើងមានភាពជឿជាក់ក្នុងការអភិវឌ្ឍដោយស្ថិរភាព នៃទំនាក់ទំនងតៃវ៉ាន់-អាមេរិក»។ លោក Lin បានបន្ថែមថា «រដ្ឋាភិបាលអាមេរិក បានបង្ហាញម្តងហើយម្តងទៀតថា គោលនយោបាយរបស់ខ្លួនចំពោះតៃវ៉ាន់ នឹងមិនប្រែប្រួលទេ។ យើងសង្ឃឹមថា កិច្ចប្រជុំកំពូលត្រាំ-ស៉ី នឹងមិនបង្កើតរឿងភ្ញាក់ផ្អើលណាមួយ ស្តីពីបញ្ហាពាក់ព័ន្ធជាមួយតៃវ៉ាន់ឡើយ»។
គួរបញ្ជាក់ថា តៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមិនអាចកាត់ផ្តាច់បានដាច់ខាតនៃទឹកដីរបស់ខ្លួន។ចិនមិនដែលបោះបង់ចោលលទ្ធភាពប្រើប្រាស់កម្លាំងយោធា ដើម្បីគ្រប់គ្រងកោះតៃវ៉ាន់នោះទេ ហើយកាលពីខែមុន រដ្ឋមន្រ្តីការបរទេសចិន បាននិយាយថា តៃវ៉ាន់គឺជាហានិភ័យធំជាងគេបង្អស់ នៅក្នុងទំនាក់ទំនងចិន-អាមេរិក។ ដោយឡែក អាមេរិកមានកាតព្វកិច្ចផ្លូវច្បាប់ ត្រូវផ្តល់មធ្យោបាយឱ្យតៃវ៉ាន់ការពារខ្លួន ហើយកាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃស្ថិរភាពនៅទូទាំងតំបន់ច្រកសមុទ្រតៃវ៉ាន់៕







