នាយករដ្ឋមន្រ្តីអ៉ីស្រាអែល ថាសង្រ្គាមអ៉ីរ៉ង់មិនទាន់ចប់ទេ ដរាបណាទីក្រុងតេហេរ៉ង់ នៅមានសារធាតុអ៊ុយរ៉ាញ៉ូម (Video inside)
11-05-2026 15:04
(វ៉ាស៉ីនតោន)៖ ក្នុងកិច្ចសម្ភាសមួយជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិក នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា ស្តុកសារធាតុអ៊ុយរ៉ាញ៉ូមដែលចម្រាញ់រួចរបស់អ៉ីរ៉ង់ ចាំបាច់ត្រូវតែដកហូតទាំងអស់ មុនពេលសង្រ្គាមរបស់អ៉ីស្រាអែល និងអាមេរិកជាមួយប្រទេសអ៉ីរ៉ង់ អាចចាត់ទុកថាត្រូវបានបញ្ចប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦។
ក្នុងកិច្ចសម្ភាសចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី១០ ខែឧសភា ជាមួយសារព័ត៌មាន CBS News លោក Netanyahu បាននិយាយថា សង្រ្គាមនៅមិនទាន់ចប់ទេ ព្រោះវានៅមានសារធាតុនុយក្លេអ៊ែរ ពោលគឺស្តុកអ៊ុយរ៉ាញ៉ូមចម្រាញ់រួច ដែលត្រូវតែយកចេញពីអ៉ីរ៉ង់ ហើយនិងទីតាំងចម្រាញ់ដែលត្រូវរុះរើចោល។
នៅពេលសួរថាតើ សារធាតុអ៊ុយរ៉ាញ៉ូមទាំងនោះ អាចត្រូវដកហូតដោយរបៀបណា លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល បានឆ្លើយថា «អ្នកចូលទៅទីនោះ ហើយយកពួកវាចេញមក»។ លោក Netanyahu បានអះអាងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏មានជំហរស្រដៀងគ្នាដែរ។ យ៉ាងណាមិញ ការអះអាងរបស់លោក គឺហាក់ផ្ទុយពីជំហរជាសាធារណៈរបស់លោក ត្រាំ។
នាពេលនេះ លោក ត្រាំ កំពុងស្ថិតក្រោមសម្ពាធនៅក្នុងប្រទេស ដើម្បីបិទបញ្ចប់សង្រ្គាមអ៉ីរ៉ង់ ហើយលោកបានអះអាងថា ហានិភ័យនៃកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ គឺត្រូវបានទប់ស្កាត់ហើយ។ ក្នុងកិច្ចសម្ភាសមួយចេញផ្សាយកាលពីថ្ងៃអាទិត្យ ប៉ុន្តែត្រូវបានថតទុកមុន លោក ត្រាំ បាននិយាយថា អ៉ីរ៉ង់បានចាញ់ផ្នែកយោធា ហើយលោកបានទទូចថា សារធាតុអ៊ុយរ៉ាញ៉ូម អាចដកហូតពេលណាក៏បាន ឱ្យតែអាមេរិកចង់។ លោក ត្រាំ បាននិយាយថា ស្តុកសារធាតុទាំងនោះនឹងត្រូវស្ថិតក្រោមការឃ្លាំមើលជាប់។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ លោក ត្រាំ បានប្រកាសទាត់ចោលការឆ្លើយតបរបស់អ៉ីរ៉ង់ ចំពោះសំណើសន្តិភាពរបស់អាមេរិក ដោយចាត់ទុកថា មិនអាចទទួលយកបានទាំងស្រុង។ ប្រការនេះធ្វើឱ្យសង្រ្គាមដែលផ្ទុះឆាបឆេះនៅមជ្ឈិមបូព៌ា កាលពីចុងខែកុម្ភៈ និងជះផលប៉ះពាល់ទូទាំងពិភពលោក ហាក់បន្តស្ថិតនៅឆ្ងាយពីទីបញ្ចប់៕







