មីយ៉ាន់ម៉ារិះគន់អាស៊ាន ដោយសារនៅតែមិនទាន់ស្វាគមន៍ខ្លួនវិញ ទោះមានការបោះឆ្នោត និងរដ្ឋាភិបាលស៉ីវិលថ្មីក៏ដោយ (Video inside)
11-05-2026 15:42
(ណៃពិដោ)៖ នាថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ មីយ៉ាន់ម៉ាបានអះអាងថា ខ្លួនកំពុងទទួលរងចំណាត់ការរើសអើងពីប្លុកអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន បានមើលឃើញអាស៊ាននៅបន្តរក្សាទុក ប្រទេសសមាជិកមួយនេះក្នុងបញ្ជីខ្មៅដដែល ទោះការដឹកនាំនៃរបបយោធាបានកន្លងផុតក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។
អាស៊ានបានដាក់បម្រាមមិនឱ្យមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកំពូល ចាប់តាំងតែពីយោធាបានធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០២១ ផ្តួលរំលំរដ្ឋាភិបាលស៉ីវិលជាប់ឆ្នោតស្របច្បាប់ របស់លោកស្រី អោងសាន ស៊ូជី ហើយចាប់ឃុំខ្លួនលោកស្រី និងបង្កឱ្យផ្ទុះជាសង្រ្គាមស៉ីវិល មកទល់សព្វថ្ងៃ។
ក្រោយអនុវត្តច្បាប់អាជ្ញាសឹកអស់រយៈពេល៥ឆ្នាំ របបសឹកបានរៀបចំការបោះឆ្នោតសកល ដែលត្រូវបានរឹតត្បិតជាខ្លាំង ហើយជាលទ្ធផលគណបក្សគាំទ្រដោយយោធា ទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីកាលពីដើមឆ្នាំនេះ និងកាលពីខែមុន អតីតប្រមុខរដ្ឋាភិបាលយោធា លោក Min Aung Hlaing បានឡើងកាន់តំណែងជាប្រធានាធិបតីស៉ីវិល។
នៅឯកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានក្នុងប្រទេសហ្វីលីពីន កាលពីសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos បានលើកឡើងថា វាហាក់ដូចជាគ្នាវឌ្ឍនភាពអ្វីទាល់តែសោះនៅមីយ៉ាន់ម៉ា។ ជាការឆ្លើយតប ក្រសួងការបរទេសមីយ៉ាន់ម៉ា នាពេលនេះ បានចេញសេចក្តីថ្លែងការណ៍ថា វាមិនដូច្នោះទេ ផ្ទុយទៅវិញការវិវត្តវិជ្ជមានបាននិងកំពុងកើតមានឡើងនៅមីយ៉ាន់ម៉ា ហើយត្រូវបានទទួលស្គាល់ដោយរដ្ឋជាសមាជិកអាស៊ានភាគច្រើន។
យ៉ាងណាមិញ មីយ៉ាន់ម៉ាបានបន្ថែមថា «ទោះបែបនេះក្តី មានការសង្កេតឃើញថា រដ្ឋជាសមាជិកមួយចំនួនតូច បន្តរក្សាការរឹតត្បិត ចំណាត់ការរើសអើង និងការហាមរដ្ឋាភិបាលមីយ៉ាន់ម៉ា ចេញពីការចូលរួមតំណាងដោយស្មើភាព»។ ក្នុងកិច្ចប្រជុំនៅហ្វីលីពីន រដ្ឋមន្រ្តីការបរទេសម៉ាឡេស៉ី លោក Mohamad Hasan បាននិយាយថា មីយ៉ាន់ម៉ាមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីអាចត្រឡប់មកអង្គុយនៅតុប្រជុំវិញទេ ដោយសារតែការប្រព្រឹត្តអំពើឃោរឃៅ ចំពោះពលរដ្ឋខ្លួនឯង នៅតែកំពុងបន្តកើតមាន។ ប្រទេសដូចជាឥណ្ឌូណេស៉ី ព្រមទាំងសិង្ហបុរី ដែលនឹងក្លាយជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំក្រោយ ត្រូវបានជឿថា ប្រកាន់ជំហរដូចម៉ាឡេស៉ី។
ក្រសួងការបរទេសមីយ៉ាន់ម៉ា បានលើកឡើងដូច្នេះថា «ការធ្វើប្រាស្រ័យទាក់ទងមិនមានលក្ខណៈស្ថាបនា ជាមួយរដ្ឋាភិបាលថ្មីរបស់មីយ៉ាន់ម៉ា នឹងជាការពង្រើយកន្តើយចំពោះឆន្ទៈស្មោះត្រង់របស់ប្រជាជនមីយ៉ាន់ម៉ា ដែលបានអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ពួកគេ។ រយៈពេល៥ឆ្នាំមកនេះ ទោះប្រឈមទង្វើមិនស្មើភាពចេញមកពីគោលជំហររបស់រដ្ឋសមាជិកអាស៊ានមួយចំនួនក៏ដោយ មីយ៉ាន់ម៉ាបានព្យាយាមអត់ធ្មត់។
គួរបញ្ជាក់ថា ដោយមិនបានលើកឡើងឈ្មោះប្រទេសណាមួយចំៗ មីយ៉ាន់ម៉ាក៏បានចោទប្រកាន់ប្រទេសមួយចំនួន អំពីទង្វើលូកលាន់កិច្ចការផ្ទៃក្នុងរបស់ខ្លួន តាមរយៈការរិះគន់និងការដាក់សម្ពាធផងដែរ៕







