សមាជិកសភាហ្វីលីពីន បោះឆ្នោតដំណើរការនីតិវិធីដកតំណែងអនុប្រធានាធិបតី លោកស្រី Sara Duterte (Video inside)
11-05-2026 16:32
(ម៉ានីល)៖ នាថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ រដ្ឋសភានៃប្រទេសហ្វីលីពីន បានបោះឆ្នោតសម្រេចចាប់ផ្តើមនីតីវិធីដកតំណែង អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការសម្រេចចិត្តខាងលើត្រូវបានគាំទ្រដោយសមាជិកសភាចំនួន២៥៥នាក់ ក្នុងចំណោម៣១៧នាក់ ដែលលើសពីសំឡេងចាំបាច់ចំនួន១ភាគ៣។ លោកស្រី Duterte ដែលត្រូវជាកូនស្រីរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte រងការចោទប្រកាន់ពាក់ព័ន្ធអំពើពុករលួយ រួមទាំងការគំរាមកំហែងធ្វើឃាតប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន គឺលោក Ferdinand Marcos។
គ្រួសាររបស់អ្នកទាំងពីរ ធ្លាប់ជាសម្ព័ន្ធមិត្តនឹងគ្នាដោយលោកស្រី Duterte និងលោក Marcos បានឈរឈ្មោះរួមគ្នាជាប្រធានាធិបតីនិងអនុប្រធានាធិបតី ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២២ ប៉ុន្តែក្រោយមកសម្ព័ន្ធភាព បានដួលរលំទៅវិញ ហើយភាពរកាំរកូសបានលេចឡើង។ ឪពុកលោកស្រី លោក Rodrigo Duterte កំពុងជាប់ឃុំនៅពន្ធនាគាររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC នៅប្រទេសហូឡង់ ក្រោយត្រូវបានប៉ូលិសហ្វីលីពីនឃាត់ខ្លួន កាលពីខែមីនា ឆ្នាំ២០២៥ តាមដីការបស់ ICC។
គួរបញ្ជាក់ថា ក្រោមរដ្ឋធម្មនុញ្ញនៃប្រទេសហ្វីលីពីន ក្រោយរដ្ឋសភាសម្រេចចិត្តបែបនេះ ដំណើរការជំនុំជម្រះក្តី នឹងត្រូវបើកធ្វើនៅព្រឹទ្ធសភា ហើយក្រុមសមាជិកព្រឹទ្ធសភា នឹងជាអ្នកកាត់សេចក្តីចុងក្រោយ។ ប្រសិនបើត្រូវបានរកឃើញថា ពិតជាមានពិរុទ្ធមែននោះ លោកស្រី Sarah Duterte នឹងត្រូវដកហូតតំណែងអនុប្រធានាធិបតី ហើយជាប់បម្រាមមិនអាចឈរឈ្មោះឱ្យគេបោះឆ្នោតអស់មួយជីវិត។ ប្រការនេះនឹងធ្វើឱ្យក្តីសង្ឃឹមរបស់លោកស្រី ក្នុងការប្រជែងតំណែងប្រធានាធិបតី នៅឆ្នាំ២០២៨ រលាយសាបសូន្យ៕




