បទវិភាគ៖​ ទង្វើ​លុតជង្គង់​របស់​លោកស្រី ​Sanae ​Takaichi ​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​ គឺជា​ការបង្ករឿង​ចំពោះ​ប្រទេស​រងគ្រោះ​នៃ​សង្គ្រាមលោកលើកទី ២ ​នៅអាស៊ី​និង​តំបន់​ផ្សេងៗ​កាន់តែច្រើន

11-05-2026 17:57

(ប៉េកាំង)៖ ប៉ុន្មានថ្ងៃជាប់មកនេះ ​លោកស្រី ​Sanae ​Takaichi ​នាយករដ្ឋមន្ត្រីជប៉ុន​ បាន​រង​​ការរិះគន់​និង​ថ្កោលទោសយ៉ាងខ្លាំងក្លា​នៅក្នុងប្រទេស​ជប៉ុន​និង​អន្តរជាតិ ​។

ទាក់ទង​នឹង​ទង្វើ​របស់​លោកស្រី​ដែល​មិនអាចទទួលបានការគាំទ្រ ​ដូចជា​ទទូចជំរុញ​ការ​ធ្វើ​វិសោធនកម្ម​"រដ្ឋធម្មនុញ្ញ​សន្តិភាព"និង​លុបចោល​ការហាមឃាត់ការនាំចេញ​អាវុធ​ប្រល័យ​លោក​ជាដើម ​នៅក្នុង​ប្រទេស​ជប៉ុនបាន​ផ្ទុះ​សកម្មភាពបាតុកម្មដោយ​ទ្រង់ទ្រាយធំ​ដែល​បណ្តាលឱ្យ​ប្រជាជន​ជប៉ុន​ប្រហែល ​៥ ​ម៉ឺននាក់​ធ្វើមីទ្ទីង​នៅក្រុងតូក្យូ​ដើម្បី​ប្រឆាំង​តវ៉ា​ករណី​នេះ ​។ ​ដោយឡែក​ប្រទេសជិតខាង​ដូចជា ​ចិន ​រុស្ស៊ី​និងកូរ៉េខាងត្បូង​ជាដើម​បាន​រិះ​គន់​រដ្ឋាភិបាល​ជប៉ុន​ដែល​ពន្លឿន​"ការធ្វើយោធូបនីយកម្មម្តងទៀត" ​វាបាន​បង្កជា​ការគំរាម​កំ​ហែង​ចំពោះ​ស្ថិរភាព​និង​សន្តិភាព​ក្នុងតំបន់ ​។ ​រីកឯ​ការ​សម្តែងឆាកល្ខោន​នយោបាយ​របស់​លោក​ស្រី ​Sanae ​Takaichi ​ដែល​បាន​លុតជង្គង់​និងដាក់គម្រងផ្កា​នៅ​សារមន្ទីរ​រំលឹក​សង្គ្រាម​ក្រុងកង់បេរ៉ា​ក្នុងអំឡុងពេល​ដំណើរទស្សនកិច្ច​នៅ​ប្រទេសអូស្ត្រាលី​នាពេល​ថ្មីៗ​កន្លង​ទៅ​នេះ​បាន​ធ្វើ​ឱ្យ​សហគមន៍អន្តរជាតិ​មើលឃើញយ៉ាង​ច្បាស់​បន្ថែម​ទៀត​នូវ​ឧបាយ​កល​នយោបាយ​ជាច្រើន​របស់​លោកស្រី ​Sanae ​Takaichi។

ការ​លុតជង្គង់​ដោយ​មានលក្ខណៈជ្រើសរើស​របស់​លោកស្រី ​Sanae ​Takaichi ​មិនមែន​ជា​ការ​សុំខមាទោសចំពោះ​អំពើឃោរឃៅ​ដែលបានប្រព្រឹត្ត​ដោយកងទ័ពជប៉ុន​ ក្នុងអំឡុង​ពេល​សង្គ្រាម​លោកលើកទី ​២ ​នោះទេ ​។ ​ទង្វើបែបនេះ​មិនត្រឹមតែ​បាន​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​ពិភព​លោក​ដែលប្រកប​ដោយ​​ភាពខុសទំនង​​របស់​អ្នកនយោបាយជប៉ុនប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែម​ទាំង​បាន​បង្ហាញ​ពី​កលល្បិច​ជា​ច្រើន​របស់​ពួកគេ​ផងដែរ ​ពោលគឺ ​ស្ថិត​ក្រោម​​ភាព​ជាប់​គាំង​ទាំងកិច្ចការជាតិនិងអន្តរជាតិ ​អ្នកនយោបាយជប៉ុន​ប៉ុនប៉ង​បំភាន់ភ្នែក​សាធារណ​ជន ​លាង​សម្អាត​ឧក្រិដ្ឋកម្មឈ្លានពាន ​បង្ក​ការបដិបក្ខគ្នាជាក្រុម​និង​ពន្លឿន​ការ​វាតទី​យោធា ​។

បើ​មើល​ពី​ចិត្តគំនិត​រយៈពេលវែង​របស់​អ្នកនយោបាយជប៉ុន​អាចឃើញថា ​ក្នុងនាម​ជា​ប្រទេស​អាស៊ី​តែមួយគត់​ក្នុងប្រទេស ​G7 ​គោល​ជំហរ​ស្និទ្ធ​ស្នាល​ជា​មួយ​លោកខាងលិច​របស់​ជប៉ុន ​គឺ ​មាន​ជាយូរមកហើយ ​។ ​ខណៈពេល​ធ្វើ​ការប្រាស្រ័យទាក់ទង​ជាមួយ​សហរដ្ឋ​អាមេរិក​និង​បស្ចិមប្រទេស ​អ្នកនយោបាយជប៉ុន​បាន​បន្ទន់ឥរិយាបទរបស់ខ្លួន ​ថែម​ទាំង​ងាក​មក​អែប​អប​ឬ​ផ្គាប់ចិត្ត​អា​មេ​រិក​និង​បស្ចិមប្រទេស ​។ ​ពី​ការទូតអែបអប​ក្នុងអំឡុងពេល​បំពេញ​ទស្សន​កិច្ច​នៅ​សហរដ្ឋអាមេរិក​កាលពី​ខែមីនា​​ដល់​ការ​សម្តែងឆាកល្ខោន​នយោ​បាយ ​ដូច​ជា​ការ​លុត​ជង្គង់​នៅ​ប្រទេស​អូស្ត្រាលី​ក្នុង​ខែឧសភា​ឆ្នាំនេះ ​លោកស្រី ​Sanae ​Takaichi ​មាន​ចេតនា​​ដើរ​តួ​ជាអ្នក​គាំទ្រ​លោកខាងលិច​ជាប់រហូតមក ​។

បើ​មើល​ពី​ភូមិសាស្ត្រ​នយោបាយ​អាចឃើញថា ​កម្លាំងពួកស្តាំនិយម​របស់ជប៉ុន​ប៉ុន​ប៉ង​ចង់​ឱ្យ​សម្រេចបាន​នូវ​ការ​វាតទី​យោធា​និង​បំរះខ្លួន​ចេញ​ពី​ការ​រឹត​ត្បិត​ពី​"រដ្ឋធម្មនុញ្ញ​សន្តិ​ភាព"​តាមរយៈ​ការ​ឃោសនាបំប៉ោងពីការគំរាមកំហែង​ពី​ខាង​ក្រៅ ​ហេតុនេះហើយ ​ពួកគេ​បាន​ព្យាយាម​ឆ្លៀតឱកាស​នៃ​ការ​ឡើងកម្តៅ​នៃ​ជម្លោះ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ដើម្បី​​អូស​ទាញ​ប្រទេសជិតខាង ​ជាពិសេសគឺ​ប្រទេសលោកខាងលិច ​បង្ក​ជាការបដិបក្ខគ្នាជាក្រុម​។

ចាប់ពី​ពេល​បញ្ចប់សង្គ្រាមលោកលើកទីពីរ​រហូត​ដល់​បច្ចុប្បន្ននេះ ​អ្នកនយោបាយ​ជប៉ុន​មិន​ត្រឹមតែ​មិន​សុំខមាទោស​ចំពោះ​ប្រជាជន​នៃ​ប្រទេសរងគ្រោះ ​ដូច​ជា​ចិន ​កូរ៉េ​ខាង​ត្បូង​និង​កូរ៉េខាងជើង​ជាដើម​ប៉ុណ្ណោះទេ ​ផ្ទុយទៅវិញ ​អ្នកនយោបាយ​ជប៉ុនជាច្រើន​បាន​ដោះ​សារ​ដោយផ្តេសផ្តាស​ចំពោះ​ឧក្រិដ្ឋកម្មឈ្លានពាន​របស់ខ្លួន​ផងដែរ ​។ ​ក្នុង​បញ្ហា​ខុសនិងត្រូវ​ដែល​ពាក់ព័ន្ធ​ដល់​ប្រវតិ្តសាស្ត្រឈ្លានពាន​របស់ជប៉ុន​មួយនេះ ​ឧបាយកលរបស់លោកស្រី ​Sa​nae ​Takaichi ​មិនអាចបោកបញ្ឆោតអ្នកផងទាំងពួង​នៅលើសកលលោកបាន​ទេ​។

ទង្វើ​លុតជង្គង់​របស់​លោកស្រី ​Sanae ​Takaichi ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​នៅ​អូស្ត្រាលីគឺជា​ការបង្ករឿង​ចំពោះ​ប្រទេស​រងគ្រោះ​នៃ​សង្គ្រាមលោក​លើក​ទី ​២ ​នៅអាស៊ី​និង​តំបន់​ផ្សេងៗ​កាន់តែច្រើន ​។ ​នៅ​ពី​ក្រោយ​ការសម្តែងឆាក​ល្ខោន​នយោ​បាយ​នេះ ​គឺ ​ពោរពេញទៅដោយការគិតគូពីផលប្រយោជន៍ផ្ទាល់ខ្លួន ​វា​មិនអាចបិទ​បាំង​មហិច្ឆតា​របស់​ជប៉ុន​ដែល​ចង់​ពន្លឿន​ "ការធ្វើយោធូបនីយកម្មម្តងទៀត" ​ទេ ​ហើយ​ក៏​បាន​មិន​អាច​បិទ​បាំង​ការពិត​ដែលថា ​"យោធានិយមបែបថ្មី" របស់ជប៉ុន​បាននិងកំពុង​បង្ក​ជា​ការ​គំរាម​កំហែង​​ដល់​សនិ្តសុខ​និង​ស្ថិរភាព​ក្នុងតំបន់ ​រហូតដល់ពិភពលោកផងដែរ ​។ ​ប្រទេស​រង​គ្រោះ​ទាំងអស់​ដែល​​រង​ទុក្ខវេទនា​យ៉ាងខ្លាំង​ពី​ការ​​ឈ្លាន​ពាន​របស់​យោធានិយមជប៉ុន​គួរ​រក្សា​ការប្រុងប្រយ័ត្នកម្រិតខ្ពស់​និង​ក្រោកឈរឡើង​រួម​សាមគ្គីគ្នា​ដើម្បី​ពួកដៃគ្នាគាំពារ​សមិទ្ធ​ផល​ជ័យជម្នះ​នៃ​សង្គ្រាមលោកលើកទីពីរ ​ក៏ដូចជា​ដាច់​ខាត​មិនអនុញ្ញាតឱ្យ​សោក​នា​ដ​កម្ម​ក្នុង​ប្រវត្តិសាស្រ្ត​កើតឡើងម្តងទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន