UN ព្រមានថាមនុស្ស ៤៥លាននាក់នឹងប្រឈមភាពអត់ឃ្លាន បើជីកសិកម្មនៅតែបន្តជាប់គាំងនៅច្រកសមុទ្រហ័រមូស (Video inside)

11-05-2026 21:42

(ប៉ារីស)៖ ប្រធានក្រុមការងារពិសេសនៃអង្គការសហប្រជាជាតិ (UN) លោក ចច ម៉ូរ៉េរ៉ា ដាស៊ីលវ៉ា (Jorge Moreira da Silva)​ នាថ្ងៃចន្ទនេះបានព្រមានថា មនុស្សជាង ៤៥លាននាក់អាចនឹងធ្លាក់ចូលក្នុងគ្រោះទុរ្ភិក្ស ប្រសិនបើនាវាដឹកជីកសិកម្មមិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រហ័រមូសក្នុងពេលឆាប់ៗនេះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការរាំងខ្ទប់ច្រកសមុទ្រដ៏សំខាន់នេះពីសំណាក់ប្រទេសអ៊ីរ៉ង់ ជាការសងសឹកទៅនឹងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យការដឹកជញ្ជូនជីកសិកម្មប្រមាណមួយភាគបីនៃពិភពលោកត្រូវជាប់គាំង ខណៈដែលរដូវដាំដុះ ជាពិសេសនៅទ្វីបអាហ្វ្រិក កំពុងខិតជិតមកដល់ទីបញ្ចប់។ លោក ម៉ូរ៉េរ៉ា បានសង្កត់ធ្ងន់ថា ពិភពលោកនៅសល់ពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ដ៏ធំមួយនេះ។

កន្លងមក ក្រុមការងារ UN បានប្រឹងប្រែងបញ្ចុះបញ្ចូលភាគីជម្លោះឱ្យបើកផ្លូវសម្រាប់នាវាដឹកជីកសិកម្ម និងវត្ថុធាតុដើមសំខាន់ៗ ព្រមទាំងទទួលបានការគាំទ្រពីប្រទេសជាច្រើន។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិក អ៊ីរ៉ង់ និងបណ្តាប្រទេសក្នុងតំបន់ឈូងសមុទ្រដែលជាអ្នកផលិតជីធំៗ នៅមិនទាន់ផ្តល់កិច្ចសហការពេញលេញនៅឡើយទេ។

ស្របពេលដែលពិភពលោកកំពុងខ្វាយខ្វល់តែពីរឿងប្រេង និងហ្គាស អង្គការសហប្រជាជាតិបានទាមទារឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់លើបញ្ហាសន្តិសុខស្បៀង ព្រោះបណ្តាប្រទេសនៅអាហ្វ្រិក និងអាស៊ី នឹងក្លាយជាអ្នករងគ្រោះធ្ងន់ធ្ងរបំផុតពីវិបត្តិមួយនេះ ប្រសិនបើដំណោះស្រាយមិនត្រូវបានរកឃើញទាន់ពេលវេលាទេនោះ៕