លោក ត្រាំ ព្រមានថាបទឈប់បាញ់ស្ថិតក្នុងស្ថានភាពផុយស្រួយ ខណៈអ៉ីរ៉ង់ថាត្រៀមខ្លួនឆ្លើយតបនឹងការឈ្លានពាន (Video inside)
12-05-2026 08:43
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ បាននិយាយថាបទឈប់បាញ់ក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់កំពុងស្ថិតនៅក្នុងស្ថានភាពផុយស្រួយ បន្ទាប់ពីរូបលោកបានច្រានចោលការទាមទារចុងក្រោយបំផុតរបស់អ៉ីរ៉ង់ ដែលបានអះអាងថាយោធារបស់ខ្លួនត្រៀមលក្ខណៈរួចជាស្រេចដើម្បី ឆ្លើយតបទៅនឹងការសកម្មភាពឈ្លានពានជាថ្មីណាមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
នៅក្នុងការឆ្លើយតបទៅនឹងសំណើរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចចរចាសនិ្តភាព អ៉ីរ៉ង់បានអំពាវនាវឱ្យបិទបញ្ចប់សង្រ្គាមនៅគ្រប់សមរភូមិទាំងអស់ ក្នុងនោះរួមមានទាំង នៅលីបង់ជាទីដែលសម្ព័ន្ធមិត្តរបស់អាមេរិក គឺអ៉ីស្រាអែលកំពុងវាយប្រយុទ្ធជាមួយក្រុមហេសបូឡាគាំទ្រអ៉ីរ៉ង់។ តេហេរ៉ង់ក៏បានទាមទារផងដែរសំណងខូចខាតពីសង្រ្គាម ការបិទបញ្ចប់ការបិទខ្ទប់របស់អាមេរិក ធានាថានឹងមិនមានការវាយប្រហារជាថ្មី និងអនុញ្ញាតឱ្យអ៉ីរ៉ង់លក់ប្រេងឡើងវិញ។ មិនតែប៉ុណ្ណោះ តេហេរ៉ង់ថែមទាំងបានសង្កត់ធ្ងន់ ទៀតផងពីអធិបតេយ្យរបស់ខ្លួនលើច្រកសមុទ្រ Hormuz។
ការទាម
ទារទាំងនេះរបស់អ៉ីរ៉ង់ត្រូវបានលោក ត្រាំ អះអាងថាកំពុងគំរាមកំហែងដល់បទឈប់បាញ់ដែលបានចូលជាធរមានចាប់តាំងពីថ្ងៃទី៧ ខែមេសា។ ថ្លែងទៅកាន់ ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទ លោក ត្រាំ បានគូសបញ្ជាក់ថា «បទឈប់បាញ់ហាក់ដូចជាមនុស្សឈឺធ្ងន់កំពុងប្រើខ្យល់អុកស៊ីសែន ហើយគ្រូពេទ្យដើរចុះដើរឡើង រួចនិយាយថាមនុស្សជាទីស្រឡាញ់របស់អ្នកមានឱកាសរស់តែមួយភាគរយប៉ុណ្ណោះ»។
យ៉ាងណាក៏ដោយ ប្រធានសភាអ៉ីរ៉ង់ លោក Mohammad Bagher Ghalibaf ដែលជាប្រធានក្រុមអ្នកចរចាអ៉ីរ៉ង់ ក្នុងកិច្ចចរចាកន្លងមកជាមួយសហរដ្ឋអាមេរិក បាននិយាយថាប្រទេសរបស់លោកបានត្រៀមលក្ខណៈរួចស្រេចដើម្បីឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានជាថ្មីណាមួយ។ «កងកម្លាំងរបស់យើងបានត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតប និងផ្ដល់មេរៀនចំពោះសកម្មភាពឈ្លានពានណាមួយ»។ នេះជាការគូសបញ្ជាក់របសលោក Ghalibaf ដោយបន្ថែមថាយុទ្ធសាស្ត្រអាក្រក់ និងការសម្រេចចិត្តខុសតែងតែនាំទៅរកលទ្ធផលអាក្រក់។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ បានទាត់ចោលការឆ្លើយតបរបស់អ៉ីរ៉ង់ទៅនឹងសំណើមួយរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាសន្តិភាព ដោយចាត់ទុកថាមិនអាចទទួលយកបានទាំងស្រុង។






